វៀតណាមចែករំលែកបទពិសោធន៍របស់អាស៊ាននៅក្នុងកិច្ចប្រជុំនិម្មិត នៃសប្តាហ៍ប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងការបិទវគ្គអន្តរកម្មនិម្មិតនៃសប្តាហ៍ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិនៅញូវយ៉កថា គន្លឹះសំខាន់ដើម្បីងបង្ការ និងប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្ម គឺបុព្វហេតុនៃអំពើភេរវកម្មដែលរួមមាន ភាពអត់ការងារធ្វើ ភាពអយុត្តិធម៌ វិសមភាព ការរើសអើង ការលំបាក និងជម្លោះដែលមិនទាន់បានដោះស្រាយ។

លោក Quy បាននិយាយ​នៅក្នុងការជជែកដេញដោលតាមប្រព័ន្ធអ៊ិនធើណេត ក្រោមប្រធានបទ«អាទិភាពនៃការប្រឆាំងអំពើភេរវកម្មរបស់រដ្ឋជាសមាជិកនៅក្នុងពេលក្រោយជំងឺកូវីដ-១៩ និងការរួមបញ្ចូលគ្នា និងការបំពេញបន្ថែមរវាងក្របខ័ណ្ឌជំងឺកូវីដ-១៩ និងរបៀបវារៈនៃការប្រឆាំងអំពើភេរវកម្ម» ថា «យើងត្រូវតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះ លុបបំបាត់ភាពក្រីក្រ លើកកម្ពស់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងធានាការគោរពសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា»។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងសមត្ថភាពពិតជាមានសារៈសំខាន់ជាងមុនទៅទៀតក្នុងការស្វែងរកការកំណត់អត្តសញ្ញាណស៊ើបអង្កេត និងកាត់ទោសក្រុមភេរវករ និងឧក្រិដ្ឋជនធ្ងន់ធ្ងរ។

តំណាងរបស់វៀតណាមរូបនេះបានអះអាងប្រឆាំងនឹងអំពើភេរវកម្មរ៉ាឌីកាល់នីយកម្ម និងភាពជ្រុលនិយមដែលមានអំពើហិង្សា រួមទាំងទម្រង់ភេរវកម្មថ្មីៗដែលតែងតែជាចំណុចអាទិភាពខ្ពស់សម្រាប់អាស៊ាន។

លោកបាននិយាយបន្ថែមថា ផែនការសកម្មភាពអាស៊ានដើម្បីបង្ការ និងប្រឆាំងការកើនឡើងនៃក្រុមរ៉ាឌីកាល់ និងអំពើហិង្សាហួសហេតុឆ្នាំ ២០១៨-២០២៥ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព បំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

លោកក៏បានកត់សម្គាល់ផងដែរថា រាល់វិធានការណ៍ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មត្រូវតែអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចពាក់ព័ន្ធក្រោមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ រួមទាំងគោលបំណង និងគោលការណ៍ ក៏ដូចជាកាតព្វកិច្ចនានាក្រោមច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)