ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃធ្លាក់ចុះ ៩,៧ភាគរយក្នុងរយៈពេល ៥ ខែនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ — ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ប្រទេសថៃបានធ្លាក់ចុះ ៩,៧ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២០ នេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក និងការបិទព្រំដែនរបស់ប្រទេសជិតខាង។

ស្ថិតិដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មបរទេសបានបង្ហាញថា ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរួមរបស់ប្រទេសនេះ រួមមានពាណិជ្ជកម្មឆ្លងកាត់មានចំនួនសរុប ៥២៤,៣៥ប៊ីលានបាត (១៦,៧៤ប៊ីលានដុល្លារអាមេរិក) ចាប់ពីខែមករា ដល់ខែឧសភា ដោយប្រទេសម៉ាឡេស៊ីនៅតែជាដៃគូធំជាងគេដោយគិតទៅលើតម្លៃនៃពាណិជ្ជកម្ម។

ក្នុងចំណោមតួលេខសរុប ការនាំចេញពីប្រទេសថៃមានចំនួន ៣០៥,៧២ប៊ីលានបាត ពោលគឺធ្លាក់ចុះ ៩ភាគរយបើធៀបទៅនឹងរយៈពេល ៥ខែដំបូងកាលពីឆ្នាំមុន ខណៈដែលការនាំចូលមានចំនួន ២១៨,៦៣ប៊ីលានបាត ធ្លាក់ចុះ ១០,៧ភាគរយដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ៨៧,០៩ប៊ីលានបាត។

ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប ៨៧,៨៥ប៊ីលានបាត (ធ្លាក់ចុះ ៣២,៤ភាគរយ) បន្ទាប់មកពាណិជ្ជកម្មជាមួយឡាវមានចំនួន ៧៧,១៧ប៊ីលានបាត (ធ្លាក់ចុះ ៦,៦ភាគរយ) ជាមួយមីយ៉ាន់ម៉ាមានចំនួន ៧៣,៧៤ប៊ីលានបាត (ធ្លាក់ចុះ ១១ភាគរយ) និងជាមួយកម្ពុជាមានចំនួន ៧០,៨៧ប៊ីលានបាត (កើនឡើង ៥,២ភាគរយ)។

ពាណិជ្ជកម្មឆ្លងកាត់ដែលភាគច្រើនជាមួយសិង្ហបុរី វៀតណាម និងចិនខាងត្បូង បានធ្លាក់ចុះ ១,៥ភាគរយក្នុងរយៈពេល ៥ខែដំបូងនេះ ដែលមានតម្លៃត្រឹម ២១៤,៧១ប៊ីលានបាត។

ពាណិជ្ជកម្មឆ្លងកាត់ជាមួយចិនខាងត្បូង និងសិង្ហបុរីបានកើនឡើង ១៥,៧ភាគរយ និង ២០,៨ភាគរយរៀងៗខ្លួន។ តម្លៃពាណិជ្ជកម្មឆ្លងកាត់មានចំនួន ៩០,៧៤ប៊ីលានបាតជាមួយប្រទេសចិនភាគខាងត្បូង និង ៣៦,១០ប៊ីលានបាតជាមួយសិង្ហបុរី។

តម្លៃពាណិជ្ជកម្មឆ្លងកាត់ជាមួយប្រទេសវៀតណាម និងប្រទេសដទៃទៀតបានធ្លាក់ចុះ ២៦,៧ភាគរយនិង ១៦,៩ភាគរយ ស្មើនឹងតម្លៃ ២៤,៦៩ប៊ីលានបាត និង ៦៣,១៨ប៊ីលានបាតរៀងៗខ្លួន។

លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា ពាណិជ្ជកម្មឆ្លងព្រំដែន និងឆ្លងកាត់ នៅតែមានការធ្លាក់ចុះដោយសារតែជំងឺរាតត្បាតដែលនាំឱ្យប្រទេសថៃបិទច្រកព្រំដែនចំនួន ៦៩កន្លែង ក្នុងចំណោម ៩៧កន្លែង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)