ក្រសួងទេសចរណ៍ណែនាំឱ្យត្រៀមទទួលភ្ញៀវទេសចរឡើងវិញជាមួយនឹងការបង្ការជំងឺកូវីដ-១៩ឱ្យបានល្អ

វិទ្យុជាតិកម្ពុជាលោកចេម ហួត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឱ្​​យអ្នកប្រកបរបរទេសចរណ៍ត្រៀម​​លក្ខណៈទទួល​​ភ្ញៀវទេស​ចរ​ជាតិ​​​ពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដើម្បី​បំពេញ​​តម្រូវ​​ការសេវាផ្សេងៗរបស់ពួកគេ ប៉ុន្តែត្រូវបន្តអនុវត្តនូវវិធានទប់ស្កាត់ជំងឺកូវីដ១៩ឱ្យបានល្អ។

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេចរណ៍បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរចាប់​​ផ្តើមមានការកើន​​ឡើង​​បណ្តើៗហើយ។  ដូច្នេះប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋត្រូវតែប្រុង​​ប្រយ័ត្នកុំភ្លេចខ្លួន​ព្រោះខ្លា​​ច​ឆ្លងកូវីដ​​១៩ បើទោះ​បីជាដើរកំសាន្តសប្បាយនៅកន្លែងណាក៏ដោយ ត្រូវអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈ រក្សាគម្លាតសង្គម រក្សាអនាម័យ ពាក់ម៉ាស់ជាដើម។

នៅលើផេកហ្វេសបុកផ្លូវការក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តមថោង ខុនបានបញ្ជាក់ថា រាជរដ្ឋាភិបាល​​នឹងអនុញ្ញាតឱ្យឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ហើយភ្ញៀវ​​ទេសចរក្នុង​​ស្រុកនឹង​​មានកំណើន ដែលនេះជាចំណុចល្អមួយទៀត ។

សំឡេង៖ « ទេសចរក្នុងស្រុករបស់យើងមួយឆ្នាំមានជាង១លាននាក់ និងចេញទៅកំសាន្តក្រៅ​​ប្រទេសជាង​​២លាននាក់ ដូច្នេះ ពេលឈប់ជិត១០ថ្ងៃនេះអ្នកមានលុយចេ​ញទៅក្រៅជាង២លាន​​នាក់នោះមិនទៅណាទេ​មានតែដើរលេងក្នុងស្រុកព្រោះចេញទៅក្រៅមិនកើត។  អញ្ចឹងយើងបានរំលឹកដល់ម​ន្ទីរទេសចរណ៍គ្រប់​​រាជធានីខេត្ត និងផ្នែកឯកជនអស់ហើយដោយទី១ ត្រូវបង្កើនការត្រួតពិនិត្យសុខភាព​​ភ្ញៀវ​ទេសចរ​ដែលបាន​​ដាក់ចុះដើម្បីការពារសុវត្ថិភាពបងប្អូន ។ ទី២សុំអោយផ្នែកឯកជនបន្ថែមសេ​វាថែ​មដូចជាភោជនីយ​ដ្ឋានខ្លះ​ពីមុន​គាត់មិនទាន់បានបើកទេ ឥឡូវរៀបចំឱ្យគាត់បើកឡើងវិញ សណ្ឋាខ្លះអី​មិនទាន់​បើកសុំអោយ​​គាត់បើកឡើងវិញ»។

ជាមួយគ្នានោះ ក្នុងពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបវិបត្តិកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជាក៏លើក​ទឹក​ចិត្ត ដល់វិស័យឯកជនដែលធ្វើការក្នុងវិស័យ​ទេសចរតាមរយៈការលើកលែងការបង់​​កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍​គ្រប់​ប្រភេទនៅឆ្នាំ២០២១ និងការជួយគាំទ្រផ្សេងៗ​​ទៀតដើម្​​បីជួយសម្រាលបន្ទុកចំណាយច្រើនផងដែរ។

បើតាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរបញ្ហាកូវីដ-១៩បានរុញឱ្យវិស័យទេសចរណ៍កម្ពុជាដើរថយក្រោយ​ចាប់​ពីបីទៅប្រាំឆ្នាំ ដូច្នេះក្រសួងទេចរណ៍ត្រូវប្តូរ និងបានដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីលើក​កម្ពស់វិស័យ​​ទេសចរណ៍​ឱ្យរីកចំរើនឡើងវិញ៕