ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត ត្រូវផ្ដើមពីយើង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៧ ២០២០


MC: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា ដើម្បីគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត ត្រូវផ្ដើមពីយើង បើពុំដូច្នោះទេផលប៉ះពាល់នឹងកើតចេញពីការបោះសំរាមចោលផ្តេសផ្តាស។
ការថ្លែងដូច្នេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ នៃបុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃ ដោយត្រូវញែកសំរាមតាមបច្ចេកទេស និងទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ សំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់»។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះត្រូវបានអនុវត្តដោយក្រុមការងារ «ផ្តើមពីយើង»។ ឯកឧត្តម បន្តថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយនេះ ក៏បានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។
នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ បើតមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី២.៧០០ ទៅ៣.០០០ តោនក្នុងមួយថ្ងៃ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន៥៧,៤០ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ១៨,១០ភាគរយ សំណល់ក្រដាស៦ភាគរយ កៅស៊ូនិងស្បែក០,២ភាគរយ សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន១៨,៣០ភាគរយ៕