កម្ពុជាស្វះស្វែងរកទីផ្សារលក់ឥណទានកាបូនដែលសល់រាប់លានតោនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកទីផ្សារលក់ ឥណទានកាបូនបន្ថែមទៀត បន្ទាប់ពីទទួលបានភាពជោគជ័យនៃការការពារននិងអភិរក្សព្រៃឈើ ក្នុងការលក់ ឥណទានកាបូនដោយស្ម័គ្រចិត្ត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបាននឹងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បីបន្តទិញឥណទានកាបូនបន្ថែម ទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាននៅ សេសសល់បរិមាណច្រើន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចគម្រោងជ័យលាភីអន្ដរជាតិរបស់សហគមន៍ទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ពីថ្ងៃទី៩_១០ ខែកក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាមានតំបន់ព្រៃឈើចំនួន៣កន្លែងដែលអាចលក់កាបូនបាន ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ហើយក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រក សត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។
ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារអាមេរិក។ ការរក្សាឈើឈរដើម្បីលក់តួនាទីនៃព្រៃឈើ ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ី ជាការបង្ហាញពីការធានាបាននូវការការពារធនធានធម្មជាតិពីការកាប់បំផ្លាញនិងទន្ទ្រានកាន់កាបដីព្រៃក្នុងកម្រិតខ្ពស់បំផុត។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រុមហ៊ុនដែលបាន ទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះមានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
បើតាមការបញ្ជាក់របស់ឯកឧត្តម រដ្ឋលេខាធិការ គឺមុននឹង ទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារ ធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត។
ឯកឧត្តម មានប្រសាសន៍ថា ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិ នៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិ ត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម មានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង បរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើ។ «ថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារ ធម្មជាតិនៅក្នុងតំបន់នោះ»។
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន៦៩កន្លែង៕