អនុប្រធាន អគ្គលេខាធិការនិងអគ្គលេខាធិការរង ចង់ធ្វើគ្រូបង្វឹកត្រូវលាឈប់ពីតំណែងនៅសហព័ន្ធរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖លោកជៀងយ៉ារ៉េត
ភ្នំពេញ៖ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាតិ ព្រមទំាងអគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំងកីឡាអូឡាំពិក និងមិនអូឡាំពិក បានចូលរួមកិច្ចប្រជុំស្តីពីត្រួតពិនិត្យសមាសភាពគ្រូបង្វឹកគ្រូជំនួយ និងអត្តពលិកចំនួន៣៤សហព័ន្ធសម្រាប់ក្រុមជម្រើសជាតិ២០២០ ដែលនឹងចាប់ផ្តើមការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការនៅថ្ងៃទី១៦ខែកក្កដាខាងមុខនេះ ។
ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា សម្រាប់ការប្រមូលផ្តុំឆ្នាំនេះ មានកីឡាករ-កីឡាការិនីចំនួន៣៣ ក្នុងចំណោម៣៤សហព័ន្ធកីឡាជាតិ ប៉ុន្តែក្នុងនោះប្រភេទកីឡាជីជឺតស៊ូគ្មានវត្តមានប្រមូលផ្តុំឡើយ ដោយសារតែសហព័ន្ធកីឡាមួយនោះគ្មានកីឡាករ-កីឡាការិនីនិងគ្មានគ្រូបង្វឹក ។ ការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយគ្មានការស្នាក់នៅ និងហូចចុករួមគ្នាឡើយ ធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ក្នុងការប្រមូលផ្តុំឆ្នាំនេះមានសហព័ន្ធកីឡាមួយចំនួន ដែលមានអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង ជាគ្រូបង្វឹកត្រូវប្តូរចេញ ប្រសិនមិនប្តូរចេញត្រូវធ្វើលិខិតលាចេញពីតំណែងអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរងសហព័ន្ធ ទើបអាចក្លាយជាគ្រូបង្វឹកបាន ។ ចំណែកកីឡាករ-កីឡាការិនីមួយចំនួនមិនបានចូលរួមជើងឯកថ្នាក់ជាតិ តែមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិលោកនឹងទទួលយក ប៉ុន្តែត្រូវឲ្យគណៈកម្មការចុះទៅត្រួតពិនិត្យសមត្ថភាពផ្ទាល់តាមការអះអាងរបស់សហព័ន្ធខ្លួន៕