ក្រសួងសាធារណការ គ្រោងចេញប័ណ្ណបើកបរអន្តរជាតិ ដែលទទួលស្គាល់៩៩ប្រទេសនៅពាក់កណ្តាលខែសីហា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ១០.០៧.២០២០


MC៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចេញប័ណ្ណបើកបរអន្តរជាតិ ដែលទទួលស្គាល់៩៩ប្រទេស នៅពាក់កណ្តាលខែសីហាខាងមុខនេះ ដើម្បីឲ្យអ្នកបើកបរមានសិទ្ធស្របច្បាប់ អាចបើរបរនៅក្រៅប្រទេសបាន។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ទាក់ទងនឹងការចេញប័ណ្ណបើកបរអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួង ដើម្បីធ្វើយ៉ាងណា ផ្តល់នីតិវិធីដ៏ងាយស្រួល សម្រាប់ផ្តល់ប័ណ្ណបើកបរដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ធ្វើដំណើរបើកបរនៅក្រៅប្រទេស ដែលកម្ពុជាបានចុះអនុសារណយោគយល់គ្នា ស្តីពីចរាចរណ៍ផ្លូវគោក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៨មកម្លះ ដោយ មាន៩៩ ប្រទេស ដែលយើងបានទទួលស្គាល់គ្នាទៅវិញទៅមក។ ឯកឧត្តមបញ្ជាក់ថា ប្រសិនជាប្រជាពលរដ្ឋកម្ពុជាមានប័ណ្ណបើកបររបស់ជាតិរួចហើយ អាចមានសិទ្ធទៅប្រឡងយកប័ណ្ណបើកបរអន្តរជាតិបាន ដោយគ្រាន់តែភ្ជាប់នូវ អត្តសញ្ញាណប័ណ្ណ និងរូបថត ។ ដោយឡែកជនបរទេសវិញ ត្រូវមានលិខិតបញ្ជាក់ទីលំនៅ ប៉ាស្ព័រ និងរូបថត ដើម្បីឲ្យក្រសួងចេញលិខិតបញ្ជាក់ ជាភាសាអង់ភ្លេស ដែលអាចយកទៅបើកបរបាននៅក្នុងប្រទេសទាំង៩៩។ ឯកឧត្តមបញ្ជាក់ទៀតថា ប័ណ្ណបើកបរអន្តរជាតិនេះ មានទាំងអស់៧ភាសា មានកម្ពុជា បារាំង អង់គ្លេស រុស្ស៊ី អារ៉ាប់ ចិន និងអេស្ប៉ាញ ។
«សំឡេង៖ ពេលដែលយើងចុះអនុសារណយោគយល់គ្នា គឺយើងប្រើប្រាស់ស្តង់ដារតែមួយ ជាមួយប្រទេសទាំង៩៩នឹង ទាំងស្លាកសញ្ញា គំនូសសញ្ញា ការរៀបចំមេរៀនបង្រៀនដូចគ្នា ហើយឥឡូវនេះគឺយើងពង្រឹងច្បាប់តឹងរឹងមែនទែន ព្រោះយើងបានកំណត់ច្បាស់លាស់ គឺថាបើយើងរៀនទ្រឹស្តីប៉ុន្មានម៉ោង ៣០ឬ៤០ម៉ោង ហើយបើរៀនដៃចង្កូត២០ទៅ៣០ម៉ោងឲ្យបានច្បាស់លាស់ ហើយឥឡូវនេះយន្តការមួយចំនួន គឺយើងឲ្យនាយកដ្ឋានចុះទៅមើល តាមសាលាបង្រៀនទាំងអស់ ប្រសិនបើលក្ខខណ្ឌនីតិវិធីណាមួយមិនត្រឹមត្រូវ យើងនឹងបិទសាលា។ យើងបើកសាលារដ្ឋឡានធំមួយនេះ គឺជាមានគោលការណ៍ច្បាស់លាស់ គឺបើអ្នករៀនឈប់តែមួយថ្ងៃ ក៏យើងមិនឲ្យប្រឡងដែរ។ ដូច្នេះយន្តការយើងតឹងតែង សូម្បីតែការប្រឡងរាល់ថ្ងៃនេះ១០នាក់ជាប់តែ៥ទៅ៦នាក់ ចឹងបានតែ ៥០ទៅ៦០ភាគរយតែប៉ុណ្ណោះទេ។ គឺយើងយកស្តង់ដារប្រទេស ដោយយើងមិនអាចធ្វើខុសគេបាននោះទេ អញ្ចឹងនៅពេលដែលបងប្អូនយើងដឹងផ្លាកសញ្ញា និងគំនូសសញ្ញាច្បាស់លាស់ ហើយអញ្ចឹងការចុះបើកបរចង្កូតឆ្វេងឬចង្កូតស្ដាំមិនសំខាន់នោះទេ សំខាន់យើងចេះជៀស ហើយយើងចេះបើកតាមគន្លងផ្លូវឲ្យបានត្រឹមត្រូវ ចឹងអត់មានបញ្ហាអ្វីនោះទេ។»
សូមបញ្ជាក់ថា កន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់មានគ្រោងចេញប័ណ្ណបើកបរអន្តរជាតិនេះម្តងរួចមកហើយ តែដោយសារតែប្រទេសកម្ពុជាជួបនឹងជំងឺកូវីដ១៩ ទើបក្រសួងលើកពេលរហូតដល់ពាក់កណ្តាលខែសីហាខាងមុខនេះវិញ៕