កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន

វិទ្យុជាតិកម្ពុជា ៖


MC៖ កម្ពុជា-ថៃប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ដែលធានាបានសន្តិសុខសុវត្ថិភាពក្នុងសង្គម។
ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ នៅវិមានមិត្តភាពទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិភាក្សាគ្នាយ៉ាងច្រើនទាក់ទងនឹងបញ្ហាគ្រឿងញៀន នៅតាមបណ្តោយព្រំដែននៃប្រ ទេសទាំងពីរ។
ក្នុងជំនួបពិភាក្សានោះ ភាគីកម្ពុជា និងថៃបានសន្យារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការថាបន្ថែមទៀតក្នុងការចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀនបើទោះបីជាប៉ុន្មានខែចុងក្រោយនេះការជួញដូរគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរមានការធ្លាក់ចុះក្តី ក៏ប៉ុន្តែវានៅតែបន្តគំរាមកំហែងកម្រិតខ្ពស់ដដែល។ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថាបើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ១៩ នៅបន្តយាយីយ៉ាងណាក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀននៅតែបន្តដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលប្រទេសយើងទាំងពីរ(កម្ពុជា-ថៃ)នេះជាប្រទេសរងគ្រោះដោយសារបញ្ហាគ្រឿងញៀនដូចគ្នានោះ។
ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ បានលើកឡើងថា ប្រទេសថៃនឹងបន្តផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈស្រាវជ្រាវត្រួតពិនិត្យគ្រឿងញៀនដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបន្ថែមទៀតខណៈដែរមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដ៏ធំនៅខេត្តព្រះសីហនុដែលមានជំនួយរបស់ថៃចូលរួមសាងសង់ដែលនោះគ្រោងនឹងសម្ពោធជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ បានបន្តទៀតថា រដ្ឋាភិបាលថៃនៅតែបន្តព្រួយបារម្ភចំពោះករណីគ្រឿងញៀនទោះបីជាប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរនៃប្រទេសទាំងពីរមានការរិតត្បិតការចេញចូលដោយសារបញ្ហាមេរោគកូវីដ១៩ក្តី ហើយក៏មិនត្រូវធ្វេសប្រហែសនោះដែរ ពីព្រោះពួកឧក្រិដ្ឋជន វាមានឱកាសគ្រប់ពេលវេលាសម្រាប់ជួញដូរពេលដែលអាជ្ញាធរមានការឆកល្វែងនោះ៕