ស្រ្តីជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឱ្យរីកចំរើន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍បញ្ជាក់ថា ស្រ្តីជាកម្លាំងចលករដ៏មានសក្តានុពលលើកកម្ពស់វិស័យទេសចរណ៍​ឱ្យរីកចំរើន ខណៈដែលស្ត្រីមានភាពរុះរាយរាក់ទាក់ និងមានភាពតស៊ូស្វិតស្វាញក្នុងការងារ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ទីស្តីការក្រសួងទេសចរណ៍​​កាលពីព្រឹក​​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងវិស័យ​ទេសចរណ៍ ស្រ្តីបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍ​​សេដ្ឋកិច្ចជាតិ។ ស្រ្តីមានភាពឆ្លាតវៃ និងប៉ិនប្រសព្វក្នុងការបំពេញការងារក្នុងវិស័យទេសចរណ៍។

លោកជំទាវបន្តថា ផ្តើមពីតួនាទីដ៏មានសារៈសំខាន់ដែលបានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើកកម្ពស់យេនឌ័រនៅគ្រប់ដំណើរការការងាររបស់ខ្លួនស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រលើកកម្ពស់​​យេនឌ័រនៅក្នុងវិស័យរបស់ខ្លួន។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ បានជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្រ្តី និងបង្កើនភាពអង់អាចដល់ស្រ្តី​​ដែលជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្រ្តីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែក​​យ៉ាង​​សំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏​​ទាក់ទាញ ប្រកបដោយចីរភាព ។

ការងារនិងតួនាទីនៅក្នុងវិស័យទេសចរណ៍ដែលស្ត្រីចូលរួមយ៉ាងសកម្មរួមមាន៖ ជំនាញបដិសណ្ឋារ ផ្នែកសណ្ឋាគារ អ្នកគ្រប់គ្រង មគ្គទេសិកាទេសចរណ៍ និងផ្នែកសេវាម្ហូបអាហារជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ​​មហាសេនាប​​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអតិប្បរមាទៅ​​លើការ​​លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេសតាម​រយៈការបញ្ជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដោយបានបញ្ចូលនូវ​​សូចនាករជាក់លាក់សម្រាប់តាមដានការអនុវត្ត៕