មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យមន្ត្រីនគរបាលជាតិ ត្រូវខិតខំបង្កើនសមត្ថភាពតាមជំនាញ នឹងមានឆន្ទៈខ្ពស់ក្នុងការបំរើសង្គមជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១០ ០៧ ០២០


MC៖មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលដែលទើបទទួលការតម្លើងឋានន្តរស័ក្តិត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន នឹងត្រូវបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើ។
ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានណែនាំដល់នាយនគរបាលជាតិជាន់ខ្ពស់ ត្រូវអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីយកទៅបំពេញភារកិច្ច តួនាទីជាអ្នកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ជាក់ស្តែងការទទួលបានការតម្លើងឋានន្តរស័ក្តិនាពេលនេះ គឺបានមកពីការតស៊ូ ការប្រឡូកជាក់ស្ដែង និងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ដែលទទួលបានការតម្លើងឋានន្តរស័ក្តិ និងជាប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ តំណាងឲ្យនាយនគរបាលជាតិជាន់ខ្ពស់ បានប្ដេជ្ញាចិត្តនឹងខិតខំបំពេញការងារទ្វេដង និងកាន់តែសកម្មបន្ថែមទៀត ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។
សូមបញ្ជាក់ថា នាយនគរបាលជាតិជាន់ខ្ពស់ចំនួន៣៣នាក់ត្រូវបានទទួលបានការបំពាក់ឋានន្តរស័ក្តិមានដូចជា ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ, ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី, និងឋានន្តរស័ក្តិថ្នាក់ជាវរសេនីយ៍ឯក៕