ការចាកចេញរបស់អ៊ុយក្រែនពីកិច្ចព្រមព្រៀងទីក្រុង Minsk គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់គ្រប់គ្នា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — អនុប្រធានការិយាល័យបុគ្គលិកនៃការិយាល័យប្រតិបត្តិប្រធានាធិបតីរុស្ស៊ី លោក Dmitry Kozak បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រសិនបើប្រទេសអ៊ុយក្រែនសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk នោះនឹងក្លាយជាព្រឹត្តិការណ៍មិនធម្មតាមួយសម្រាប់មនុស្សទាំងអស់។

លោកបានពន្យល់ថា «ជាដំបូង ខ្ញុំចង់ផ្តោតសំខាន់ទៅលើគោលដៅសម្រាប់ឆ្នាំខាងមុខដែលកំណត់ដោយថ្នាក់ដឹកនាំនយោបាយអ៊ុយក្រែន។ វាច្បាស់ណាស់ថា ដោយសារតែគោលដៅទាំងអស់នេះ គឺជាកម្មវត្ថុនៃកិច្ចចរចានៅក្នុងទំរង់នៃកិច្ចព្រមព្រៀងទីក្រុង Minsk និង Normandy រាល់អ្នកចូលរួមទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចាត្រូវតែយល់ពីលទ្ធផលចុងក្រោយ។ តើគោលដៅចុងក្រោយរបស់អ៊ុយក្រែនគឺជាអ្វី? តើមានលក្ខខណ្ឌនិងយន្តការអ្វីខ្លះ ដើម្បីអនុវត្តគោលដៅទាំងនោះ ស្របតាមសហសេវិកអ៊ុយក្រែនរបស់យើង? ខ្ញុំសូមប្រាប់អ្នកថា រហូតមកដល់ពេលនេះទោះបីជាមានការជជែកគ្នាអស់រយៈពេលជាង ៥ឆ្នាំមកហើយក្តី ក៏គ្មាននរណាម្នាក់មានភាពច្បាស់លាស់ពេញលេញទៅលើបញ្ហាទាំងនេះដែរ»។

លោក Kozak បាននិយាយបន្ថែមថា «យើងមិនដឹងថា ប្រធានាធិបតីអ៊ុយក្រែនចង់មានន័យអ្វីទេ ទាំងផែនការ B និងផែនការ C » ។ គ្មានអ្វីដែលត្រូវព្យាយាមទាយទុកអំពីផែនការសម្ងាត់របស់សហសេវិកអ៊ុយក្រែននោះទេ។ ការចាកចេញរបស់អ៊ុយក្រែនចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាព្រឹត្តិការណ៍នយោបាយ ហើយមិនមែនជាគ្រោះមហន្តរាយធម្មជាតិ ឬជាគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សនោះទេ ដោយយើងត្រូវការផែនការលម្អិតនៃសកម្មភាពដែលបានព្រាងទុកជាមុន ដើម្បីលុបបំបាត់ផលវិបាកដែលកើតឡើងពីទស្សនៈនយោបាយហើយយើងនឹងត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍណាមួយ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)