គណៈកម្មាធិការការពារអ្នកសារព័ត៌មានជំរុញឱ្យដោះលែងអតីតអ្នកកាសែត Safronov

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអង្គការសិទ្ធិមនុស្សមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទាមទារឱ្យមានការដោះលែងលោក Ivan Safronov អតីតអ្នកកាសែត ដែលធ្លាប់ធ្វើការជាមួយកាសែត Kommersant និងកាសែត Vedomosti របស់ប្រទេសរុស្ស៊ី និងជាទីប្រឹក្សារបស់ប្រធាន Roscosmos ។

អ្នកសម្របសម្រួលកម្មវិធីអឺរ៉ុប និងអាស៊ីកណ្តាលរបស់ CPJ លោកស្រី Gulnoza ត្រូវបានដកស្រង់សម្តីដែលបានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់អង្គការនោះថា លោក Ivan Safronov គួរតែត្រូវបានដោះលែងជាបន្ទាន់`ហើយបទចោទប្រកាន់ពីបទក្លែងបន្លំលើរូបគាត់គួរតែត្រូវបានគេលើកលែង» ។

លោកស្រីបាននិយាយថា «អ្នកសារព័ត៌មានផ្សេងៗទៀតដែលបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោក Safronov តាមរយៈការតវ៉ា គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដោយគ្មានការភ័យខ្លាចនៃការសងសឹក»។

ក្នុងរយៈពេលពីរថ្ងៃកន្លងមក ប្រជាជនបានមកទីប្រជុំជន Lubyanka នៃទីក្រុងមូស្គូ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោក Safronov ។ ក្នុងចំណោមនោះ ប្រជាជន ៣០នាក់ត្រូវបានចាប់ឃុំខ្លួន ដែលភាគច្រើនជាអ្នកសារព័ត៌មាន។

លោក Ivan Safronov ទីប្រឹក្សារបស់ប្រធាន Roscosmos ត្រូវបានឃុំខ្លួនដោយសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីថ្ងៃទី ៧ ខែកក្កដា ពីបទសង្ស័យក្បត់ជាតិ។ FSB និយាយថា លោក Safronov ត្រូវបានជ្រើសរើសនៅឆ្នាំ ២០១២ ហើយនៅឆ្នាំ ២០១៧ លោកបានផ្តល់ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសឆែកនូវព័ត៌មានអំពីការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីដល់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ក្រោយមកព័ត៌មានទាំងនោះត្រូវបានបញ្ជូនទៅសមភាគីសហរដ្ឋអាមេរិក។

តុលាការ Lefortovo របស់ទីក្រុងមូស្គូបានឃុំខ្លួនគាត់រហូតដល់ថ្ងៃទី ៦ ខែកញ្ញា។ លោក Safronov ត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ប្រសិនបើលោកត្រូវបានរកឃើញថា មានទោស៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)