សហរដ្ឋអាមេរិកសង្ឃឹមយ៉ាងខ្លាំងចំពោះការបន្តកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តធ្វើការដើម្បីចូលរួមជាមួយប្រទេសកូរ៉េខាងជើងក្នុងកិច្ចសន្ទនា ហើយយើងមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះការរក្សាកិច្ចចរចាជាមួយរបបមួយនេះ។

លោក Pompeo បានធ្វើការកត់សម្គាល់នេះភ្លាមៗបន្ទាប់ពីអនុប្រេសិត និងជាប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង លោក Stephen Biegun បានចាកចេញពីទីក្រុងសេអ៊ូលបន្ទាប់ពីកិច្ចប្រជុំជាមួយបណ្តាមន្រ្តីកូរ៉េខាងត្បូង ស្តីពីការជាប់គាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។

លោក Pompeo បាននិយាយនៅក្នុងសន្និសីទវីដេអូមួយជាមួយអ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Yonhab ថា «យើងបន្តធ្វើការដើម្បីបង្កើតកិច្ចសន្ទនា និងការពិភាក្សាសំខាន់ៗអំពីវិធីដែលយើងអាចផ្តល់ជូននូវលទ្ធផលល្អ ដែលនេះជាលទ្ធផលនៃការផ្តល់សន្តិភាព និងស្ថិរភាពដល់ឧបទ្វីបទាំងមូល»។

លោកបាននិយាយបន្ថែមថា «យើងសង្ឃឹមថា យើងអាចបន្តកិច្ចសន្ទនានេះមិនថា នៅក្នុងកម្រិតក្រោមកិច្ចប្រជុំកំពូល ឬប្រសិនបើវាសមស្រប – ដែលសកម្មភាពនេះពិតជាមានប្រយោជន៍ណាស់ដើម្បីឱ្យមានមេដឹកនាំជាន់ខ្ពស់ត្រឡប់មកជជែកជាមួយគ្នាវិញ»។ ប៉ុន្តែ ចំពោះថា តើអាចជាអ្នកណា? របៀបណា? នឹងនៅពេលវេលាណា? ខ្ញុំមិនចង់និយាយអំពីរឿងនេះនៅថ្ងៃនេះទេ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)