លោក Biegun និយាយថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun បាននិយាយថា សហរដ្ឋ អាមេរិកគាំទ្រយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បួង និងកូរ៉េខាងជើង ដោយលោកបានហៅវាថាជា «សមាសធាតុដ៏សំខាន់» ក្នុងការលើកកម្ពស់ស្ថិរភាពនៅឧបទ្វីបកូរ៉េ។

លោក Biegun ក៏បានគូសបញ្ជាក់ផងដែរនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងការប្តេជ្ញាចិត្តសន្តិសុខរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងត្បូង ខណៈដែលលោកបានអំពាវនាវសារជាថ្មីម្តងទៀតឱ្យមានកិច្ចពិភាក្សាជាមួយនឹងការពិចារណាឡើងវិញរបស់កូរ៉េខាងជើង។

ប្រេសិតសហរដ្ឋអាមេរិករូបនេះបានធ្វើការកត់សម្គាល់ទាំងនេះបន្ទាប់ពីកិច្ចពិភាក្សាគ្នាទៅវិញទៅមកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha អនុរដ្ឋមន្រ្តីទី ១ នៃក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Sei-young និងប្រេសិតនុយក្លេអ៊ែរកំពូលរបស់ទីក្រុងសេអ៊ូល លោក Lee Do-hoon ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅទីនោះ ដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវផ្នែកការទូតនៃការរំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាង។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Lee រួចមក លោក Biegun បានប្រាប់អ្នកសារព័ត៌មានថា «សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ហើយយើងជឿជាក់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសស្ថិរភាពនៅឧបទ្វីបកូរ៉េ»។

លោកបាននិយាយបន្ថែមថា «យើងទន្ទឹងរង់ចាំការគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ខណៈដែលកំពុងជំរុញគោលដៅរបស់ខ្លួនជាមួយប្រទេសកូរ៉េខាងជើង ក្នុងកិច្ចសហ-ប្រតិបត្តិការអន្តរកូរ៉េ»។

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)