កិច្ចប្រជុំកំពូលជាមួយលោក ត្រាំ អាចនឹងមិនកើតឡើងនៅក្នុងឆ្នាំនេះទេ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ( KCNA ) បាននិយាយថា លោកស្រី គីម យូជុនង ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា  កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង ប្រហែលជាមិនធ្វើនៅក្នុងឆ្នាំនេះទេ។

លោកស្រីបាននិយាយបន្ថែមថា ប្រសិនបើវាកើតឡើងមែន កិច្ចប្រជុំកំពូលនេះនឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

KCNA បានរាយការណ៍ថា កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនមានចេតនាធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេរិកទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីមួយចំនួនបានបកស្រាយអំពីភាពចាំបាច់ដើម្បីបន្តកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរមុនពេលការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាឆ្នាំនេះ។ កូរ៉េខាងជើងបានឆ្លើយតបថា ទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងជាឧបករណ៍ សម្រាប់ដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។

កិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសន្យាអំពីវឌ្ឍនភាពក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែវាបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះទីក្រុងវ៉ាស៊ីនតោនបានបដិសេធសំណើរបស់ទីក្រុងព្យុងយ៉ាងក្នុងការដកទណ្ឌកម្មមួយចំនួនជាថ្នូរជាមួយទីក្រុងព្យុងយ៉ាង។

ខណៈដែលខ្លួនកំពុងចរចាជាមួយសហរដ្ឋអាមេរិក កូរ៉េខាងជើងបានផ្អាកការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមរបស់ខ្លួន ប៉ុន្តែគេបានបន្តការសាកល្បងបន្ទាប់ពីគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅទីក្រុងហាណូយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)