ចិនរក្សាសិទ្ធិក្នុងការឆ្លើយតបចំពោះគោលនយោបាយថ្មីរបស់អូស្រ្តាលីស្តីពីទីក្រុងហុងកុង

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ប្រទេសចិនសូមរក្សាសិទ្ធិក្នុងការឆ្លើយតប ចំពោះគោលនយោបាយថ្មីរបស់អូស្ត្រាលី ក្នុងការពង្រីកជម្រើសជនអន្តោប្រវេសន៍សម្រាប់ប្រជាជនហុងកុង នឹងបញ្ឈប់កិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយតំបន់នេះ។

លោក Zhao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយថា «ប្រទេសចិនមិនទទួលយករឿងនេះទេ ហើយយើងសូមសម្តែងការថ្កោលទោសយ៉ាងខ្លាំង ខណៈដែលយើងនៅរក្សាសិទ្ធិដើម្បីធ្វើការឆ្លើយតបបន្ថែមទៀត»។

ប្រតិកម្មរបស់ប្រទេសចិននេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលបានប្រកាសអំពីគោលនយោបាយថ្មីក្នុងការផ្តល់ជំនួយដល់ប្រជាជនហុងកុងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីនៅក្នុងទីក្រុងនេះ។

ប្រទេសអូស្រ្តាលីបានសម្រេចចិត្តពន្យារទិដ្ឋាការ សម្រាប់ប្រភេទនៃអ្នកកាន់លិខិតឆ្លងដែនហុងកុង នឹងបានប្រកាសផ្អាកសន្ធិសញ្ញាធ្វើបត្យាប័នជាមួយតំបន់នេះ។

ជាការឆ្លើយតបនិងច្បាប់សន្តិសុខជាតិថ្មីនេះ ប្រទេសមួយចំនួនរួមទាំងចក្រភពអង់គ្លេស និងកាណាដា បានចាត់វិធានការស្រដៀងគ្នាដើម្បីផ្តល់ជំនួយដល់ប្រជាជនហុងកុង។

រដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលក្នុងទីក្រុងហុងកុងបានអះអាងថា ច្បាប់ថ្មីនេះគ្រាន់តែជាគោលបំណងការពារសន្តិសុខជាតិរបស់ប្រទេសចិនប៉ុណ្ណោះ។

ប៉ុន្តែ ប្រទេសមួយចំនួនធំនៅភាគខាងលិចមើលឃើញច្បាប់ថ្មីនេះថា ជាការធ្វើឱ្យអន្តរាយដល់ស្វ័យភាពរបស់ហុងកុងដែលទីក្រុងប៉េកាំង បានសន្យានៅក្រោមសេចក្តីថ្លែងការណ៍រួមជាមួយចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៨៤ ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)