កូនឈើចម្រុះប្រមាណ២០០០ដើមបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេន

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០


MC៖ កូនឈើចម្រុះប្រមាណ២០០០ដើមបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេនក្នុងគោលបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញឲ្យមានទេសភាពបៃតង រក្សាប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់វិស័យកសិកម្មនិងទ្រងទ្រង់គ្រឹះប្រាសាទនៅតំបន់អង្គរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ថ្លែងក្នុងពិធីដំាកូនឈើនៅនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេននៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការដាំកូនឈើឡើងវិញនៅក្នុង ឧទ្យានជាតិ ព្រះជ័យវរ្ម័ននេះ គឺជាការគិតគូរបស់ក្រសួងអំពីនិរន្តភាពបរិស្ថាននិងសេវាកម្ម អេកូឡូស៊ីជាពិសេសគឺស្ថានភាពទឹក។ឯកឧត្តមបន្តថា ដោយសារបច្ចុប្បន្ននេះ ស្ថានភាពទឹកក្រោមដីមានការប្រែប្រួលច្រើនដោយបរិមាណទឹកមានការ ថយចុះ ឬរីងហួតមុនកាលកំណត់ ធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម និងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមទាំងនេះ។
សំឡេង៖ ការដាំដើមឈើនៅថ្ងៃនេះ ជាការគិតគូនិរន្តភាពបរិស្ថាន សេវាកម្មអេកូឡូស៊ី ជាពិសេសគឺទឹក សូមជម្រាបថា សេវាកម្មអេកូឡូស៊ី ទឹកនេះ យើងពិនិត្យឃើញថាមានការប្រែប្រួលច្រើន ដោយសារគម្របព្រៃនៅទីជម្រាល នៅផ្ទៃរងទឹកភ្លៀង នៅភ្នំគូលេននេះបានខូចខាតរេចរឹល ចឹងទេយើងឃើញថា ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាប្រឈម ដែលនៅក្នុងនោះក្បាលជប់ មួយចំនួនមានការរីងខះ ហើយបរិមាណទឹកមានការថយចុះយ៉ាងខ្លាំង ជាអតិភាពខ្ពស់គឺទឹកសម្រាប់ហូបចុកប្រចាំថ្ងៃ ការងារបង្ករបង្កើនផលជួយដល់បណ្តាញស្ទឹងក្នុងភូមិសាស្ត្រខេត្តសៀមរាប ជួយ ទ្រទ្រង់ប្រាសាទអង្គរឲ្យមានលំនឹងនិរន្តភាព។បើសិនជាយើងធ្វើការកែលំអរគម្របព្រៃឈើ នៅលើភ្នំគូលេននេះ បានន័យថាយើងបានជួយអនុវត្តវិធានការនានា រួមទាំងការការពារទប់ស្កាត់ ការអនុវត្តច្បាប់របស់មន្ត្រីក្រសួងបរិស្ថាននេះ គឺមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ គឺដើម្បីប្រយោជន៍រួម។
សូមជម្រាបផងដែរថា ការដាំស្តារព្រៃឈើចម្រុះនៅលើខ្នងភ្នំគូលេននេះ មានកូនឈើប្រមាណ២០០០ដើមបានដាំដុះលើផ្ទៃដីចំនួនជាង២ហិតាបន្ថែមទៀត ដែលគម្រោងអនុវត្តដោយមន្ទីរបរិស្ថានខេត្តសៀមរាប និងទទួលបានថវិការគាំទ្រពីក្រសួងបរិស្ថាន៕