កសិករខេត្តស្វាយរៀងមួយចំនួនបង្វែរពីការធ្វើស្រូវមកដាំអំពៅស្ករវិញព្រោះកំពុងមានទីផ្សារ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ១០.០៧.២០២០


MC៖ មន្ទីរកសិកម្មខេត្តស្វាយរៀងជំរុញឲ្យប្រជាកសិករបង្វែរពីការធ្វើស្រូវមកដាំអំពៅស្ករវិញ ដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ខណៈ អំពៅស្ករកំពុងតែមានតំលៃនៅលើទីផ្សារ ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…………………
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នដំណាំអំពៅស្ករកំពុងតែមានទីផ្សារហើយតំលៃល្អ ដូច្នេះប្រជាកសិករគួរងាកមកដាំដំណាំអំពៅវិញ ស្របពេលដែលដីនៅក្នុងខេត្តនេះអំណោយផលលើដំណាំអំពៅ ។
លោកបន្តថា មន្ទីរកសិកម្មសហការជាមួយក្រុមហ៊ុនចំនួន៥ក្នុងខេត្ត ដោយបានប្រមូលទិញអំពៅពីប្រជាកសិករ ធ្វើអោយកសិករងាយស្រួលក្នុងការលក់អំពៅចេញ ។ លោកបញ្ជាក់ថា អំពៅស្ករក្នុង១ហិកតា ទទួលបានផល៦០តោន ហើយក្នុងមួយតោតតម្លៃ៣៩ដុល្លា បើប្រៀបធៀបទៅនិងការធ្វើស្រូវវិញ គឺទទួលបានផលច្រើនជាងពី៤ទៅ៥ដង។
សំឡេង៖ មន្ទីរកសិកម្មបានធ្វើការជំរុញការផ្សព្វផ្សាយ ដល់ប្រជាកសិករដែលមានដីជាប់ៗនិងដំណាំអំពៅ ដែលធ្វើស្រែបានទិន្នផលទាបហ្នឹងមកពិចារណា ធ្វើការផ្លាស់ប្ដូរមុខដំណាំ កុំពឹងផ្អែកទៅលើដំណាំស្រូវតែមួយមុខ ត្រូវផ្លាស់ប្ដូរមុខដំណាំ គិតថាដំណាំអ្វីមានតំលៃសេដ្ឋកិច្ចខ្ពស់ ហើយចំណាយដើមទុនតិច ដើម្បីយើងមានលទ្ធភាពបង្កើនការងារផង បង្កើនប្រាក់ចំណូលផង អញ្ចឹងយើងបានណែនាំអោយពួកគាត់ ធ្វើការផ្ទេរមុខដំណាំ បង្វែរមកដាំអំពៅ ឬដំណាំផ្សេងៗទៀត ។
សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង មានផ្ទៃដីដាំអំពៅស្ករ ៦.៤០០ហិកតា និងមានក្រុមហ៊ុនចំនួន៥កំពុងវិនិយោគលើដំណាំអំពៅស្ករ ក្នុងនោះ ៖មានក្រុមហ៊ុន ផាត់ សំណាង ក្រុមហ៊ុនស្វាយរៀង ស៊ូហ្គើខេន ក្រុមហ៊ុនមិត្តភាព ក្រុមហ៊ុនធើន រ៉ាយ ហ្វៀល និងក្រុមហ៊ុន កុយ សារ៉េន ៕