អភិបាលខេត្តព្រៃវែង កំពុងកៀគររកអ្នកវិនិយោគមកបណ្តាក់ទុននៅលើវិស័យកសិកម្មនិងឧស្សាហកម្ម

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០៧ ២០២០


MC៖ អភិបាលខេត្តព្រៃវែងកំពុងកៀគររកអ្នកវិនិយោគមកបណ្តាក់ទុន នៅលើវិស័យកសិកម្មនិងឧស្សា ហកម្ម ដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ចំណូលសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖….
ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា បច្ចុប្បន្ន ខេត្តព្រៃវែងមានសក្តានុពលខ្លំាងលើវិស័យកសិកម្ម និងឧស្សាហកម្ម ដែលអាចទាក់ទាញវិនិយោគិន មកបោះទុនវិនិយោគ ។ ឯកឧត្តមបញ្ជាក់ថា ពាក់ព័ន្ធនិងវិស័យកសិកម្មអាជ្ញាធរខេត្ត កំពុងជំរុញឲ្យប្រជាកសិករខិតខំដំណាំស្រូវ អំពៅ បន្លែ និងចិញ្ចឹមសត្វ ដែលជួយឆ្លើយតបទៅនឹងតម្រូវការទីផ្សារហូបចុករបស់ប្រជាពលរដ្ឋ ពិសេសដំណាំស្រូវ និងដំណាំអំពៅ អាចបង្កើតរោងចក្រកែច្នៃនៅទីនេះ បាន ។
ឯកឧត្តមអៈអាងថា បច្ចុប្បន្ននេះមានអ្នកវិនិយោគចំនួន២ក្រុមហ៊ុនហើយ បានចាប់រម្មណ៍មក បណ្តាក់ទុននៅខេត្តព្រៃវែងលើវិស័យកសិកម្ម គឺក្រុមហ៊ុនឈ្នះឈ្នះ និងក្រុមហ៊ុនចិន ដែលជួយឲ្យបងប្អូននៅក្នុងខេត្តព្រៃវែងមានការងារធ្វើ និងកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចេញទៅធ្វើការនៅខាងក្រៅខេត្ត ។
សំឡេង« ហើយអ្វីដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននោះគឺការកៀរគរអ្នកវិនិយោគទុនដើម្បីមកវិនិយោគនៅក្នុងខេត្តព្រៃវែងព្រោះថា វិស័យកសិកម្មតាមរបាយការណ៍ដែលខ្ញុំបានអានគឺបានឈានទៅមុខហើយ វិស័យ មួយចំនួនទៀតដូចជារោងចក្រ ព្រោះថានៅពេលមានវិនិយោគពាក់ព័ន្ធនិងរោងចក្របងប្អូនប្រជាពលរដ្ឋគាត់មានលទ្ធភាពធ្វើការនៅក្នុងរោងចក្រហើយ កាត់បន្ថយការចំណាកស្រុកបងប្អូនប្រជាពលរដ្ឋទៅក្រៅប្រទេសហើយនិងក្នុងប្រទេសផងដែរ » ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តព្រៃវែងមានក្រុមហ៊ុនវិនិយោគចំនួន១១៦ក្រុមហ៊ុន និងមានសាខាក្រុមហ៊ុនចំនួន១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត ។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ ផ្តត់ផ្គង់ទឹកស្អាត អ៊ីនធើណេត និងសេវាទូរស័ព្ទ នាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូល និងផ្គត់ផ្គង់សម្ភារៈកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់កែច្នៃឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតផលកែច្នៃផលិតកសិកម្ម ៕