សម្តេចតេជោបញ្ជាក់ថាវិធានការដ៏មានប្រសិទ្ធក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩គឺផ្តើមចេញពីបុគ្គលម្នាក់ៗ

វិទ្យុជាតិកម្ពុជា៖

MC៖   សម្តេចជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាលចក្រកម្ពុជាបានលើកឡើងថាវិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាដំបូងគឺពលរដ្ឋខ្មែរត្រូវមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា។

 សម្តេចតេជោបានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ។ បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ។

សម្តេចតេជោបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុវត្ថិភាពសុខភាពអោយបានល្អចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕