កសិករខេត្តត្បូងឃ្មុំបង្កបង្កើនផលស្រូវវស្សាសម្រេចបានជាង៧៥ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៩.០៧.២០២០


MC៖ ប្រធាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រជាកសិករខេត្តអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា សម្រេចបានជាង៧៥ភាគរយ លើផ្ទៃដីជិត៨ម៉ឺនហិកតា។
អ្នកយកព័ត៌ាមានយើងធ្វើសេចក្តីរាយការណ៍…………
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្នុប្បន្នការងារបង្កបង្កើនស្រូវរដូវវស្សា ក្នុងឆ្នាំ២០២០នេះ មានផ្ទៃដីចំនួន៧ម៉ឺន៨ពាន់ហិកតា ដោយបានអនុវត្ដបានចំនួន៥៨៥០០ហិកតា ស្មើរនឹង៧៥ភាគរយ ក្នុងនោះប្រជាកសិករនិយម ប្រើពូជរយះពេលខ្លី៥១-៥៤មកពីប្រទេសវៀតណាម ស្រូវកណ្តាលប្រើពូជផ្ការំដួល និងស្រូវធ្ងន់ប្រើរាំងជ័យជាដើម។
លោកបន្តទៀតថា ឆ្នាំនេះការបង្កបង្កើនផលស្រូវ លឿនជាងឆ្នាំកន្លងទៅ ដោយសារតែភ្លៀងធ្លាក់គ្រប់គ្រាន់ តាំងពីដើមដៃ ដែលធ្វើឲ្យការភ្ជួររាស់របស់កសិករមានភាពងាយស្រួល។ ទោះជាយ៉ាងនេះក្តី លោកប្រធានមន្ទីរ ក៏សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តកសិកម្មល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែចំការ ដើម្បីបង្ការការពារ នូវការបំផ្លាញពីសត្វល្អិតផ្សេងៗ ត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តាគមន៍ទាន់ពេលវេលា។
«សំឡេង៖ «សុំឲ្យប្រជាកសិកម្មទាំងអស់ ត្រូវឧស្សាហ៍ចុះមើលស្រែចំការ មិនថាដំណាំស្រូវ ឬដំណាំអ្វីនោះទេ ប្រសិនជាយើងមិនបានចុះមើលជាប្រចាំនោះទេ បើវាករណីណាមួយកើតឡើង វាអាចនឹងរីកសាយភាយពិតិចទៅធំ ឆ្លងទៅដំណាំណាមួយផ្សេងទៀតដែលធ្វើឲ្យខាចបង់ពេលវេលា និងថវិការ។ ហេតុដូចនេះ ប្រសិនប្រជាកសិករជួបបញ្ហាណាមួយកើតឡើង អាចទូរស័ព្ទមកកាន់មន្រ្តីជំនាញរបស់មន្ទីរកសិកម្មដើម្បីឲ្យមន្ត្រីរបស់យើងចុះទៅអន្តាគមន៍ជួយសង្រ្គោះផលដំណាំបានទាន់ពេលវេលា»។លោកប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់ប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្រោយពេលប្រមូលផលស្រូវ ជាពិសេសត្រូវរកកន្លែងហាលរឺឡសង្ងួត ជៀសវាសទុកស្រូវសើមធ្វើអោយខូចគុណភាពស្រូវ ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវយល់ដឹងរាល់ការងារដាំដុះ ដែលកន្លងមកមន្ទីរបានចុះធ្វើការណែនាំ កម្មវីធីផ្សព្វផ្សាយកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ អោយស្របទៅនឹងរដូវកាល ការអនុវត្តអោយទាន់ពេលវេលា ដើម្បីទទួលបានទិន្នផលខ្ពស់ ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីៗ នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបានជិត ១.៨ លានហិកតាស្មើនឹង ៦៩.២៤% នៃផែនការជាង២.៥លានហិកតា៕