ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដាក់ចេញនូវអនុសាសន៍ចំនួន៦ ដល់សមាជិក ក្លិប និងសាលាគុនទាំង៣៤នៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​ រ៉េត​

ឯកឧត្តម​ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដាក់ចេញនូវអនុសាសន៍ចំនួន៦ ដើម្បីឲ្យគ្រប់សមាជិក ក្លិប និងសាលាគុនទាំង៣៤នៅទូទាំងប្រទេស បន្តអនុវត្តដើម្បីឆ្ពោះទៅរកជោគជ័យនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
ឯកឧត្តម​ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅបន្ត របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នាល្ងាចថ្ងៃទី ៩ កក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ទី១ គឺត្រូវពង្រឹងយន្តការច្បាប់ លក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង កែសម្រួលឡើងវិញនៅក្នុងករណីចាំបាច់ ក្រមសីលធម៌កីឡា Fair play ត្រឹមត្រូវ ។ទី២ ចាំបាច់បង្រួបបង្រួមសាមគ្គីរួបរួមគ្នាក្នុងគ្រួសារកីឡាគុនល្បុក្កតោទាំងក្នុងប្រទេសនិងក្រៅប្រទេស ។ គ្រូបង្វឹក កីឡាករ កីឡាការិនីល្បុក្កតោ ត្រូវបើកចំហរវិសាលភាពការងារ ដើម្បីជំរុញឲ្យមានការគាំទ្របង្កើតសាលាគុន ការចូលរួមហ្វឹកហាត់ឲ្យបានច្រើនជាអតិបរមា ដើម្បីស្វែងរកកីឡាករ កីឡាការិនីឆ្នើម ប្រកបដោយទេពកោសល្យនិងគុណតម្លៃខ្ពស់។ទី៤ យកចិត្តទុកដាក់ពង្រឹងឥទ្ធិពលគុនល្បុក្កតោ ដោយពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំងប្រទេសនិងក្រៅប្រទេស។ ទី៥ ពង្រឹងការងារបណ្ឌិត្យសភាល្បុក្កតោ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកីឡាគុនល្បុក្កតោប្រកបដោយប្រសិទ្ធភាពខ្ពស់៕