រដ្ឋបាលខេត្ដកំពង់ធំ ប្ដេជ្ញាការពារទប់ស្កាត់ការទន្ទ្រានដីធនធានធម្មជាតិដោយខុសច្បាប់ឱ្យមានប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា
MC៖រដ្ឋបាលខេត្ដកំពង់ធំ បានប្ដេជ្ញាការពារទប់ស្កាត់ការទន្ទ្រានដីធនធានធម្មជាតិដោយខុសច្បាប់ ដើម្បីធានាកុំឲ្យមានការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ដម សុខ លូ អភិបាលខេត្ដកំពង់ធំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រដ្ឋបាលខេត្ដបានប្រជុំដាក់ផែនការដល់ក្រុមការងារ និងគណៈកម្មការបន្ថែមរួចរាល់ហើយ ដើម្បីបង្កើនការគ្រប់គ្រង ការប្រុងប្រយ័ត្ន និងចាំឃ្លាំមើលជាប់ជាប្រចាំ ដើម្បីបង្ក្រាបជនល្មើសដែលបានបំផ្លាញព្រៃធនធានធម្មជាតិ ឬដីរបស់រដ្ឋ និងបទល្មើសផ្សេងៗទៀត ។
ដោយឡែកដីធ្លីដែលប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ខេត្ដនិងធ្វើការជាមួយមន្រ្ដីជំនាញដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនពួកគាត់ឱ្យមានកាន់តែមានតម្លាភាពសុចរិតភាព និងយុត្តិធម៌បំផុត។
សំឡេង«ជារួមខេត្ដធានាប្រសិទ្ធភាព និងតម្លាភាព ដោយការកាត់ឆ្វៀលនេះ គឺត្រូវពិនិត្យមើលបងប្អូនដែលអាស្រ័យផលជាក់ស្ដែងនៅតំបន់ទាំងនោះ ហើយយើងមើលឱ្យច្បាស់លាស់ ប្រាកដប្រជាទាំងអស់គ្នាហើយ ទើបយើងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីការកាត់ឆ្វៀលនេះ ព្រោះអ្នកណាគ្មានសិទ្ធការកាត់ឆ្វៀលនេះក្រៅប្រមុខរាជរដ្ឋាភិបាលនោះទេ និយាយរួមយើងមើលច្បាស់ទាំងអស់គ្នា»។
ឯកឧត្ដមបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាការពារធនធានធម្មជាតិ ដោយត្រូវចាត់ទុកធនធានធម្មជាតិទាំងនេះ គឺជាជាតិរបស់យើងទាំងមូល និងកុំជឿលើពាក្យញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។
សូមបញ្ជាក់ថា ការប្ដេជ្ញាការពារទប់ស្កាត់ការទន្ទ្រានដីធនធានធម្មជាតិដោយខុសច្បាប់នេះ បន្ទាប់ពីសម្ដេចក្រឡាហោម បានបញ្ជាអោយអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី និងបង្ការទប់ស្កាត់កុំឲ្យមានរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត៕