មន្ត្រីអភិរក្សថា កាំភ្លើងកែច្នៃគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងសត្វព្រៃ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: មន្ត្រីអភិរក្ស លើកឡើងថា កាំភ្លើងកែច្នៃ និងកាំភ្លើងពិតនៅតែបន្តការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងសត្វព្រៃ។
លោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានប្រសាសន៍ថា ក្រុមមន្ត្រីល្បាតអាចជួបគ្រោះថ្នាក់ដោយការបាញ់តដៃរបស់ជនល្មើសដែលចូលទៅលួចបរបាញ់សត្វព្រៃក្នុងតំបន់ការពារ។
ថ្លែងក្នុងឱកាសប្រតិភូក្រសួងបរិស្ថានដឹកនាំអ្នក សារព័ត៌មានចុះទស្សនកិច្ចគម្រោងជ័យលាភីអន្ដរជាតិ របស់សហគមន៍ទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ពីថ្ងៃទី៩_១០ ខែកក្កដានេះ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា កាំភ្លើងកែច្នៃមួយចំនួនក្នុងពេលបច្ចុប្បន្ន ត្រូវបានជនល្មើសគេច្នៃឡើងដោយមានសមត្ថភាពសត្វព្រៃ
សម្លាប់មនុស្សដូចនឹងកាំភ្លើងពិត។ លោកថា កាំភ្លើងកែច្នៃ ត្រូវបានបង្កើតឡើងដោយដាក់រំសេវជាតិគីមី ឬ ហ្កាស ជាមួយគ្រាប់ឃ្លី ដើម្បីបាញ់ចេញម្តងបានពី៣ទៅ៥គ្រាប់ ក្នុងរយៈចម្ងាយប្រហែលពី២០០ទៅ៣០០ម៉ែត្រ និងអាចធ្វើឱ្យសត្វ ឬ មនុស្សស្លាប់មួយរំពេច។ លោកបានឱ្យដឹងថា គ្រាន់តែរយៈពេល១៨ខែចុងក្រោយនេះ កាំភ្លើងកែច្នៃរាប់សិបដើមត្រូវបានក្រុមល្បាតរឹបអូសពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិជួរភ្នំក្រវាញមានដូចជា កំពង់ស្ពឺ ពោធិសាត់ និងកោះកុង។
ចំណែក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ។ ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះ កាំភ្លើងកែច្នៃចំនួន៤៩២ដើម ត្រូវបានមន្ត្រីល្បាតរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូសហការដកហូតពីប្រជាពលរដ្ឋ។
ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០នេះ សត្វព្រៃជាច្រើនក្បាលត្រូវបានស្លាប់ដោយជាប់អន្ទាក់ព្រាន និងការ លួចបរបាញ់របស់ជនល្មើសក្នុងដែនជម្រកការពារធនធានធម្មជាតិ ក្នុងនោះមានទន្សោងចំនួន១០ក្បាល ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង និងស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃផ្សេងៗគ្នាដូចជា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តមណ្ឌលគិរី និងក្នុងតំបន់ព្រៃឈើក្នុងខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២៣ ខែមិថុនានេះ ក៏មានសត្វខ្ទីងដ៏ធំមួយក្បាល ត្រូវបានក្រុមជនល្មើសសម្លាប់ និងពន្លះសាច់ជាដុំៗ ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍ស្តីពីការសង្គ្រោះសត្វព្រៃនៅកម្ពុជាក្នុងរយៈពេលជិត២០ឆ្នាំមកនេះ បានបង្ហាញថា យ៉ាងហោចណាស់មានសត្វព្រៃគ្រប់ប្រភេទជិត១០ម៉ឺនក្បាល ត្រូវបានបង្រ្កាបក្នុងបទល្មើសជួញដូរខុសច្បាប់៕