គិតត្រឹមសប្តាហ៍ទីមួយនៃខែកក្កដានេះមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទទួលបានថវិកាពីសប្បុរសជនជាង១០លានដុល្លា

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន
MC៖ គិតត្រឹមសប្តាហ៍ទីមួយនៃខែកក្កដានេះមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទទួលបានថវិកាពីសប្បុរសជនជាង១០លានដុល្លា សម្រាបយកទៅចូលរួមចំណែកដោះស្រាយលើការងារប្រយុទ្ធប្រឆំាង ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងសារលិខិតអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងគិតត្រឹមសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋ ចំនួនជិត៨ម៉ឺននាក់ បានចូលរួមវិភាគទានប្រាក់បៀវត្សនិងប្រាក់ចំណូលផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តជូនដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដោយមានទឹកប្រាក់សរុបកើនដល់ជិត៤២ពាន់លានរៀលឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោបញ្ជាក់ថា នេះជាមោទនភាព ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងនូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌នៃការចែករំលែកគ្នាក្នុងគ្រាលំបាកតាមរយៈការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយនឹងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-I9) ដែលត្រូវបានបង្កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ សម្តេចតេជោបញ្ជាក់ថានៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គមនិងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត សំដៅជួយសម្រាលការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ ជាពិសេសស្រ្តីនិងក្មេងស្រី នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ការឧបត្ថម្ភចំពោះកម្មការិនីដែលជាស្ត្រីមានផ្ទៃពោះនិងគ្រួសារដែលមានជីវភាពក្រីក្រ ការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារអំឡុងពេលដែលរោងចក្រសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការ និងកម្មវិធីជំនួយ សង្គមថ្មីមួយទៀត ដែលជាកម្មវិធីជំនួយសង្គមពិសេស គឺ “ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» ដែលបានប្រកាសឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សំដៅជួយដល់ប្រជាជនដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ (ក-១ និង ក្រ-២)។
ចំណែកនៅក្នុងវិស័យសេដ្ឋកិច្ចវិញសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន៤ជុំរួចមកហើយ ដែលវិធានការអន្តរាគមន៍ទាំងនោះ មានដូចជា ការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារនិងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន ការបង្កើនសន្ទនីយភាពនៅក្នុងទីផ្សារ ការផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល២ខែសម្រាប់កម្មករ បុគ្គលិក ក្នុងវិស័យកាត់ដេរនិងទេសចរណ៍ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីជួយស្តារលទ្ធភាពនិងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិលដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់៕