ប្រទេសជាង ៣០ នៅទ្វីបអាហ្វ្រិកស្នើសុំជំនួយពី ប្រទេសរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrovបាននិយាយថា ប្រទេសនៅទ្វីបអាហ្វ្រិក ជាង ៣០ប្រទេស បានស្នើសុំជំនួយពីប្រទេសរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណាវីរុស។

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីរុបនេះបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈដែលលោកកំពុងបើកកិច្ចចរចាជាមួយបណ្តារដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធអាហ្រ្វិក ដែលរួមមានសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប និង អាហ្វ្រិកខាងត្បូង។

លោក Lavrov បាននិយាយថា «ពួកគេបានសម្តែងនូវការថ្លែងអំណរគុណចំពោះជំនួយដែលបណ្តាទីភ្នាក់ងារឆ្លើយឆ្លងរបស់យើងបានប្រគល់ជូនបណ្តាប្រទេសនៅអាហ្វ្រិក ហើយនឹងបន្តទទួលបានជំនួយបន្ថែមទៀត។ មានប្រទេសជាង ៣០ បានបញ្ជូនសំណើរបស់ពួកគេមកយើង ហើយយើងកំពុងពិចារណាពួកគេដោយយកចិត្តទុកដាក់បំផុត»។

អ្នកការទូតកំពូលរបស់ប្រទេសរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា ការខូចខាតដែលបានកើតឡើងចំពោះសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាហ្វ្រិក ដោយសារជំងឺរាតត្បាត មិនទាន់ត្រូវបានគេប៉ាន់ស្មាននៅឡើយទេ។

លោកបានបញ្ជាក់ថា «លើសពីនេះទៀត សហសេវិករបស់យើងរំពឹងថា ការខូចខាតនេះអាចនឹងមានទំហំធំធេងជាងអ្វីដែលយើងបានដឹងនៅពេលនេះ»។

លោកបាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ស្តីពីការបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់ ផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស ដែលតាមរយៈរចនាសម្ព័ន្ធអន្តរជាតិរួមមានទាំងអាហ្វ្រិក និងពិភពលោក។

លោក Lavrov បាននិយាយថា «ពួកគេបានសង្កត់ធ្ងន់ទៅលើការចាប់អារម្មណ៍ទៅវិញទៅមកក្នុងការធ្វើអន្តរកម្មក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងការគំរាមកំហែងនៃជំងឺរាតត្បាតនេះ ជាពិសេសបទពិសោធន៍ដែលមានប្រយោជន៍ និងមានប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការរបស់យើងកាលពីច្រើនឆ្នាំមុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)