ប្រទេសរុស្ស៊ីស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត សេចក្តីព្រាងដំណោះស្រាយរបស់ខ្លួន ស្តីពីជំនួយដល់ប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការបោះឆ្នោត ដើម្បីពង្រីកជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែនដល់ប្រទេសស៊ីរី អ្នកតំណាងអចិន្ត្រៃយ៍នៃសហព័ន្ធរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ប្រទេសរុស្ស៊ីចាត់ទុកថា ជាការចាំបាច់ណាស់ដែលត្រូវកាត់បន្ថយយន្តការជំនួយឆ្លងកាត់ព្រំដែនជាបណ្តើរៗសម្រាប់ប្រទេសស៊ីរី នឹងស្នើឱ្យមានដំណោះស្រាយដែលផ្តល់សម្រាប់ការពង្រីកការផ្គត់ផ្គង់តាមរយៈច្រកតែមួយនៅព្រំដែនជាមួយប្រទេសតួកគី។

ប្រទេសរុស្ស៊ី និងចិន បានវេតូទៅលើសេចក្តីព្រាងដំណោះស្រាយដោយអាល្លឺម៉ង់ និងបែលហ្ស៊ិក ដែលបានស្នើឱ្យបើកប៉ុស្តិ៍ត្រួតពិនិត្យចំនួនពីរសម្រាប់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ពេលវេលាបានឈានមកដល់ដំណាក់កាលចេញនូវយន្តការនេះហើយ ដើម្បីជំនួសវាជាមួយនឹងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដែលនឹងត្រូវអនុវត្តស្របតាមគោលការណ៍ដែលបានចែងនៅក្នុងសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិលេខ ៤៦/១៨២»។ លោក Nebenzya បាននិយាយបន្ថែមថា «ទោះជាយ៉ាងណា យើងដឹងអំពីតម្រូវការដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌របស់ប្រជាជនស៊ីរីទាំងអស់។ យើងនឹងបង្ហាញសេចក្តីព្រាងដំណោះស្រាយរបស់យើងដែលបង្កប់ន័យនូវការពន្យារពេលនៃយន្តការនេះរយៈពេល ៦ខែ ខណៈដែលការកំណត់ចំនួនប៉ុស្តិ៍ត្រួតពិនិត្យដែលមានស្រាប់ចំនួនមួយនៅឯប៉ុស្តិ៍ត្រួតពិនិត្យ Bab al-Hawa នៅព្រំដែនតួកគី។

យោងតាមសេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ ស្ថានភាពនៅក្នុងប្រទេសស៊ីរីបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ជាពិសេស «ទឹកដីដែលហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីត្រូវបានកាត់បន្ថយជាច្រើន» ។ លោក Nebenzya បាននិយាយបន្ថែមថា «យើងជំរុញឱ្យដៃគូនៅក្នុងក្រុមប្រឹក្សាសន្តិសុខ និងបណ្តារដ្ឋជាសមាជិកអង្គការសហប្រជាជាតិផ្សេងៗទៀតកុំធ្វើនយោបាយខាងមនុស្សធម៌ ដោយជំនួសមកវិញនូវការគាំទ្រសេចក្តីព្រាងដំណោះស្រាយរបស់យើង ដែលនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅខេត្តអ៊ីដលីប»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)