កូរ៉េខាងត្បូងប្រតិកម្មអវិជ្ជមាន ចំពោះគំនិតនៃការប្តឹងកូរ៉េខាងជើង ជុំវិញករណីវាយកម្ទេចការិយាល័យទំនាក់ទំនង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — ក្រសួងបង្រួបបង្រួមនៃប្រទេសកូរ៉េខាងត្បូងបានប្រតិកម្មអវិជ្ជមាន ចំពោះគំនិតនៃការប្តឹងកូរ៉េខាងជើងចំពោះការខូចខាតសម្រាប់ការបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីតុលាការទីក្រុងសេអ៊ូលបានបញ្ជាឱ្យទីក្រុងព្យុងយ៉ាង សងសំណងដល់អតីតអ្នកទោសសង្គ្រាមកូរ៉េខាងត្បូង។

តុលាការកណ្តាលនៃទីក្រុងសេអ៊ូល បានចេញសាលដីកាគាំទ្រអនុញ្ញាតិឱ្យអតីតអ្នកឈ្លើយសឹក ២នាក់នៅក្នុងបណ្តឹងទាមទារសំណងដែលពួកគេបានប្តឹងប្រឆាំងនឹងកូរ៉េខាងជើង និងមេដឹកនាំ លោក គីម ជុងអ៊ុន ចំពោះពលកម្មដោយបង្ខំដែលពួកគេបានស៊ូទ្រាំបន្ទាប់ពីពួកគេត្រូវបាននាំទៅប្រទេសកុម្មុយនិស្តមួយនេះក្នុងអំឡុងឆ្នាំ ១៩៥០-១៩៥៣ នៃសង្គ្រាមកូរ៉េ រហូតដល់ការរត់គេចខ្លួនរបស់ពួកគេនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។

តុលាការបានបញ្ជាឱ្យកូរ៉េខាងជើង និងមេដឹកនាំរបស់ខ្លួនសងសំណងចំនួន ២១លានវ៉ុន (១៧.៥៥០ ដុល្លារអាម៉េរិក) ដល់ឈ្លើយសឹកម្នាក់ៗ។

កាលពីថ្ងៃពុធ ក្រសួងបង្រួបបង្រួមនេះបាននិយាយថា ខ្លួនគោរពសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែមានប្រតិកម្មអវិជ្ជមាននៅពេលត្រូវបានគេសួរថា តើរដ្ឋាភិបាលកូរ៉េខាងត្បូងមានផែនការពិចារណាដាក់ពាក្យបណ្តឹងដើម្បីស្វែងរកសំណងសម្រាប់ការវាយកម្ទេចអគារការិយាល័យទំនាក់ទំនងកាលពីថ្ងៃទី១៦ ខែមិថុនា នៅទីក្រុងព្រំដែន Kaesong របស់កូរ៉េខាងជើងដែរឬទេ។

អ្នកនាំពាក្យក្រសួងនេះ លោក Yoh Sang-key បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយថា «សេចក្តីសម្រេចរបស់តុលាការនីមួយៗគឺអាចអនុវត្តបានចំពោះករណីជាក់លាក់នោះ ហើយវាមិនអាចត្រូវបានធ្វើឱ្យមានលក្ខណៈទូទៅនៅក្នុងករណីផ្សេងទៀតឡើយ»។

លោក Yoh ក៏បាននិយាយផងដែរថា រដ្ឋាភិបាលកំពុងពិនិត្យឡើងវិញនូវមធ្យោបាយផ្សេងៗដែលមានប្រសិទ្ធភាពដើម្បីស្វែងរកសំណង។ លោកមិនបានបញ្ជាក់លម្អិតថា តើមធ្យោបាយណាដែលមានប្រសិទ្ធភាពនោះទេ ប៉ុន្តែលោកបាននិយាយបន្ថែមថា មិនមានទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូងដែលរដ្ឋាភិបាលបានដឹងនោះឡើយ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)