ប្រទេសវៀតណាម និងកូរ៉េខាងត្បូង សម្លឹងមើលការជំរុញភាពជាដៃគូ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — សន្និសីទមួយត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី៨ ខែកក្កដា ដើម្បីពិភាក្សាអំពីភាពស៊ីជម្រៅនៃភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូង។

កិច្ចសហការរៀបចំដោយបណ្ឌិតសភាការទូតនៃក្រសួងការបរទេសវៀតណាម (DAV) ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម និងមូលនិធិកូរ៉េ សម្រាប់សន្និសីទនេះត្រូវបានធ្វើឡើងនៅពេលដែលប្រទេសទាំងពីរកំពុងពង្រីកចំណងទាក់ទងគ្នាជាច្រើន ជាពិសេសក្នុងវិស័យវិនិយោគពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការសម្របសម្រួលនៅតាមបណ្តាវេទិកា ពហុភាគីផងដែរ។

ស្របពេលដែលកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនប្រាកដប្រជានៅក្នុងតំបន់ និងពិភពលោក ប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីដែលរួមចំណែកដល់សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

នៅក្នុងសុន្ទរកថាបើកសន្និសីទរបស់ខ្លួន នាយក DVA លោក Nguyen Vu Tung បាននិយាយថា ប្រទេសវៀតណាមចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូឈានមុខគេនៅក្នុងវិស័យផ្សេងៗ ខណៈដែលសាធារណរដ្ឋកូរ៉េ ក៏បានចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយ នៅក្នុងគោលនយោបាយថ្មីភាគខាងត្បូងរបស់ខ្លួន។

លោកបាននិយាយថា ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក៏ជាចំណុចសំខាន់មួយដែរ។ លោកក៏បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ផ្តល់អនុសាសន៍គោលនយោបាយជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម លោក Park Noh-wan បានស្នើឱ្យមានការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយផ្តោតសំខាន់ទៅលើការគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម ការធ្វើឱ្យមានលក្ខណៈធម្មតានៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)