ការនាំចេញរបស់ថៃត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ១០ភាគរយនៅក្នុងឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមក្រុមប្រឹក្សាដឹកជញ្ជូនជាតិថៃ (TNSC) បានឱ្យដឹងថា ការនាំចេញរបស់ថៃត្រូវបានរំពឹងថានឹងធ្លាក់ចុះ ១០ភាគរយនៅក្នុងឆ្នាំនេះ គឺទាបជាងការព្យាករណ៍លើកមុន ៨ភាគរយ។

TNSC បានចង្អុលបង្ហាញអំពីកត្តាមួយចំនួន ដូចជាការពង្រឹងប្រាក់បាត និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកលលោក ដែលរួមទាំងដៃគូពាណិជ្ជកម្មរបស់ប្រទេសថៃ និងការរំខានដល់ប្រព័ន្ធដឹកជញ្ជូនផងដែរ។

កត្តាវិជ្ជមានតែមួយគត់ គឺការកើនឡើងនៃការនាំចេញផលិតផលកសិកម្មស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ។

យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ការនាំចេញរបស់ថៃក្នុងខែឧសភាបានធ្លាក់ចុះ ២២,៥ភាគរយ ស្មើនឹងតម្លៃ ១៦,២៧ប៊ីលានដុល្លារអាម៉េរិក ខណៈដែលតួលេខសម្រាប់ខែមករា – ឧសភាមានការធ្លាក់ចុះ ៣,៧១ភាគរយ ស្មើនឹងតម្លៃ ៩៧,៨៩ប៊ីលានដុល្លារអាមេរិក។

កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលថៃ (BoT) បាននិយាយថា ភាពរឹងមាំនៃប្រាក់បាតអាចប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ហើយវានឹងវាយតម្លៃពីភាពចាំបាច់នៃការអនុវត្តជំហានបន្ថែមទៀតដើម្បីទប់ស្កាត់។

BoT បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងធ្លាក់ចុះ ៨,១ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលរបាយការណ៍របស់ក្រុមស្រាវជ្រាវរបស់ធនាគារ Krungsri បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃអាចនឹងធ្លាក់ចុះ ១០,៣ភាគរយនៅក្នុងឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)