ស្នងការនគរបាលខេត្តព្រៃវែងពង្រីកការផ្សព្វផ្សាយផលប៉ះពាល់បង្កឡើងដោយគ្រឿងញៀនទៅកាន់សហគមន៍មូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី
MC:ស្នងការនគរបាលខេត្តព្រៃវែងបន្តពង្រឹងការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនទៅកាន់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាលុបបំបាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋានអោយអស់។
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានមានប្រសាសន៍ថាស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសព្វថ្ងៃបានបន្តអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក៏ដូចជាយុវជន និងសិស្សានុសិស្សនៅទូទាំងខេត្ត ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឲ្យពួកគាត់បានយល់ដឹងពីច្បាប់ស្តីពីគ្រឿងញៀន សហការ និងទបស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាចូលរួមលុបបំបាត់ឲ្យអស់នៅមូលដ្ឋានភូមិឃុំ សង្កាត់គ្មានគ្រឿងញៀន។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី៩ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ត្រីបានឲ្យដឹងទៀតថា ស្នងការដ្ឋាននគរបាលខេត្តបានដាក់យន្ដការចុះពង្រឹងគោលដៅនៅតាមភូមិ ឃុំ សង្កាត់ និងក្រុង ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្តិភាពសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
(សំឡេង)«សព្វថ្ងៃយើងនឹងបង្កើនហើយបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយហើយអប់រំផ្សព្វផ្សាយឲ្យគាត់ធ្វើម៉េច ឲ្យឆ្ងាយពីគ្រឿងញៀនកុំចង់សាកកុំចង់ដឹងកុំចង់ប៉ះគ្រឿងញៀនឲ្យតែប៉ះហើយគ្រឿងញៀនគឺមិនអាចដកមកឲ្យវិញបានទេ អញ្ចឹងល្អបំផុតគឺកុំចង់សាកចង់ឥ្យសោះ យើងនៅតែបន្តរាល់ថ្ងៃហ្នឹងទោះបីជានៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពលក្ខណៈសម្បត្តិ ៩ យ៉ាងក៏មានគ្រឿងញៀននៅក្នុងហ្នឹងដែរអញ្ចឹងយើងនៅតែបន្តការអប់រំផ្សព្វផ្សាយតាមរយៈការបង្កើតវេទិការសាធារណៈតាមរយៈវិធីផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់យើង»។
លោកឧត្តមសេនីយ៍ត្រី ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយរាយការណ៍មកសមត្ថកិច្ច ពេលដែលមានករណី ជួញដូរ រឺ ប្រើប្រាស់គ្រឿងញៀន ទៅសមត្ថកិច្ចដែលនៅជិតបំផុត ឲ្យបានទាន់ពេលវេលា ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីឆ្នាំ២០១៩នៅខេត្តព្រៃវែងមានបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៣៩ លើក(កើនឡើងចំនួន៤៥កើលបើប្រៀបធៀបនិងឆ្នាំ២០១៨) ជាលទ្ធផលបង្រ្កាបបាន៧៩លើក ពិសេសបទល្មើសគ្រឿងញៀនបង្រ្កាប់បាន៨០លើក៕