ការបើកឱ្យដំណើរការសាលារៀនដំណាក់កាលទី១ នឹងអនុវត្តក្នុងកំឡុងខែសីហាខាងមុខនេះ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអនុញ្ញាតឱ្យដំណើរការសាកល្បង ដំណាក់កាលទី១ នូវសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែកក្កដានេះ បានឱ្យដឹងពីការជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យោងតាមស្មារតីប្រជុំអន្តរក្រសួង គឺក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១ ដោយកំណត់ឱ្យគ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា÷ ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស ជាដើម។
ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី ដោយរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា ព្រមទាំងត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាព សុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន ត្រូវធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស និងត្រូវអនុវត្តវិធានការតម្រូវនានា។
លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងមុឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សាផ្អែកតា មបទពិសាធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕