រណាយន្តជាង២ពាន់គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើក្នុងរយៈពេល៦ខែ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: យ៉ាងហោចណាស់រណាយន្តសរុប២.៣៦៩គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ខណៈការដោះអន្ទាក់ចាប់សត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងរយៈពេលដូចគ្នានេះ មានសរុបចំនួន ២០.១៧៩អន្ទាក់ បូករួមទាំងបានដកហូតកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃរាប់រយដើម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួងបរិស្ថាន អះអាងថា ចំនួនបទល្មើសរណាយន្ត មានការថយចុះច្រើន។
ឯកឧត្តម មានប្រសាសន៍ថា ការរឹបអូសមានការកើនឡើងនេះ បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រឹកថ្ងៃទី៩ ខែកក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ ឯកឧត្តមបន្តថា មនុស្សដែលពាក់ព័ន្ធនឹងបទល្មើសកាប់ បំផ្លាញព្រៃឈើ ក៏ដូចជាបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាល ព្រមទាំងធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបំពានធនធានធម្មជាតិបន្តទៀត។
លោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំហរជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាកុំឱ្យមានការបាត់បង់បន្តទៀត។ លោកថ្លែងថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភព ទឹក ប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា៕