ប្រទេសជប៉ុន នឹងវៀតណាមធ្វើជាសហប្រធាន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ – ជប៉ុនលើកទី ១៣​

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៨ ខែកក្កដា ក្រសួងការបរទេសជប៉ុនបាននិយាយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមេគង្គ – ជប៉ុនលើកទី១៣ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេតនៅថ្ងៃទី៩ ខែកក្កដា នេះ។

កិច្ចប្រជុំនេះនឹងត្រូវដឹកនាំដោយសហប្រធានលោកឧបនាយករដ្ឋមន្រ្តីវៀតណាម និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh និងលោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីទាំងអស់នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសនៅអនុតំបន់ទន្លេមេគង្គចំនួន ៥ ក្នុងវិស័យថែទាំសុខភាព រួមទាំងបញ្ហាទាក់ទងនឹងជំងឺឆ្លង និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន – មេគង្គនៅពេលដែលឈ្នះជំងឺកូវីដ-១៩ ។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា ប្រទេសជប៉ុន និងបណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម កំពុងធ្វើការឆ្ពោះទៅរកគោលដៅទាំងបីដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការកសាងសេរីភាព ​និងការបើកចំហសម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងកិច្ចសម្របសម្រួលជាមួយនឹងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃ Ayeyawady – Chao Phraya – Mekong ដោយផ្អែកទៅលើសសរស្តម្ភទាំងបីនៃយុទ្ធសាស្ត្រតូក្យូឆ្នាំ ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ – ជប៉ុន ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ – ជប៉ុននៅទីក្រុងតូក្យូកាលពីក្នុងឆ្នាំ ២០១៨ កន្លងមក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)