ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើមានផ្កានៅក្នុងក្រុងស្ទឹងត្រែង ដើម្បីធ្វើឱ្យទីក្រុងមានភាពបៃតងនឹងរំលឹកដល់បុណ្យរុក្ខទិវា ០៩ កក្កដា

វិទ្យុជាតិកម្ពុជា៖ គឹហឿន ស្ទឹងត្រៃង

MC៖ អាជ្ញាធរខេត្តបំផុសចលនាដល់មន្ត្រីរាជការតាមស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូប្រជាពលរដ្ឋរួមនិងសិស្សានុសិស្សឱ្យរួមគ្នាដាំកូនឈើមានផ្កានៅក្នុងក្រុងស្ទឹងត្រែង ដើម្បីធ្វើឱ្យទីក្រុងមានសោភ័ណភាពបៃតងនឹងរំលឹកដល់បុណ្យរុក្ខទិវា ០៩ កក្កដា ។

ក្នុងទិវាដាំដើមឈើនៅខេត្តស្ទឹងត្រែងថ្ងៃទី០៩កក្កដា២០២០នេះឯកឧត្តមម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ការដាំដើមឈើពិតជាមានប្រយោជន៍ធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាតការរស់នៅប្រកបដោយផាសុខភាពតែសំខាន់ជាងនេះទៀតនោះគឺយើងទាំងអស់គ្នាចូលខិតខំថែរក្សាឱ្យមានភាពលូតលាស់ល្អដើម្បីប្រែក្លាយតំបន់រស់នៅឲ្យមានគម្របពណ៌បៃតងស្រស់បំព្រងសម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា ការរួមគ្នាដាំកូនឈើនាពេលនេះនិងធ្វើឱ្យយុវជនជំានាន់ក្រោយមានការចងចាំនៅទិវាបុណ្យជាតិ០៩កក្កដា ហើយខណ្ឌរដ្ឋបាលព្រៃឈើក៍បានចែងចែកកូនឈើហូប ផ្លែឈើមានផ្កាលំអរក្រុង ជូនប្រជាពលរដ្ឋនិងស្ថាបន័ផ្សេងៗទៀតយកទៅដាំ តាមលំនៅដ្ឋានរៀងៗខ្លួន។
លោកបន្តថា៖នៅពេកកូនឈើមានផ្កានេះធំលូតលាស់ល្អតំបន់នេះនិងមានសោភ័ណភាពអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាបាន ព្រោះវាអាចលើកសម្រស់ប្រកបដោយភាពបៃតងនៅតាមជួរដងទន្លេមេគង្គក្នុងពេលដែលខេត្តរៀបចំអភិវឌ្ឍន៍បានល្អ។
លោកហ៊ុនសំអៀនតំណាងឱ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថា៖ ភាពស្អាត បរិស្ថានល្អជានិច្ច វាមូលដ្នាននាំមកនូវផាសុខភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយពេលភ្ញៀវទេសចរមកលែងក៍សប្បាយរីករាយពេញចិត្ត។លោកស្នើឱ្យប្អូនៗយុវជនយុវតីនឹងបងប្អូនប្រជាពលរដ្ឋរស់នៅជិតតំបន់នេះសូមចូលរួមថែរក្សាទាំងអស់គ្នាដើម្បីខេត្តយើងមានសម្រស់បៃតងប្រលងប្រណាំងទីក្រុងស្អាតទទួលបានស្លាកសញ្ញសផ្ការំដួលបន្តទៀត។

សូមបញ្ជាក់ថា៖ការដាំកូនឈើលើកនេះ មានដើមឈើមានផ្កាចំនួន៣ប្រភេទ គឺដើម សារគូរ៉ា ដើមត្របែកព្រៃ ដើមក្ងោគ ដាំតាមជួរដងទន្លេមេគង្គ ក្នុងក្រុងស្ទឹងត្រែង ចំណែកកូនឈើប្រណិតត្រូវបានចែកជូនប្រជាពលរដ្ឋនឹងស្ថាប័នដែលមានដីព្រៃរិចរិលចូលរួមដាំបន្ថែមទៀត៕