សម្តេចតេជោហ៊ុនសែនអំពាវនាវឲ្យជនរួមជាតិរួមគ្នាស្រឡាញ់ការពារធនធានព្រៃឈើ

វិទ្យុជាតិកម្ពុជា៖
MC៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០បានអំពាវនាវឲ្យជនរួមជាតិរួមគ្នាស្រឡាញ់ការពារធនធានព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ការពារប្រែប្រួលអាកាសធាតុ និងផ្តល់ជាគុណប្រយោជន៍យ៉ាងសំខាន់សម្រាប់ ភពផែនដី។
យោងតាមផេកហ្វេកប៊ុក របស់សម្តេចតេជោនៅព្រឹកថ្ងៃទី៩ ខែកក្កដានេះបានសរសេរឲ្យដឹងថា
បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
នៅក្នុងឱកាសបុណ្យរុក្ខទិវានេះសម្តេចតេជោបានសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
យោងតាមផេកហ្វេកប៊ុក របស់ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទបានសរសេរអោយដឹងថា ដោយសារហានិភ័យ នៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការរៀបចំ ព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យ នៃបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ្២០២០នេះ។ ឯកឧត្តមបានបញ្ជាក់ថា ៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្ស ដែលក្រសួងកសិកម្ម តែងតែប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ទោះបីពុំមានការរៀបចំព្រឹត្តិការណ៍នៃពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០២០ នេះក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបំផុសចលនាឲ្យដាំដុះកូនឈើឡើងវិញនៅតំបន់ជាច្រើន នៅទូទំាងប្រទេស ដូចជានៅតំបន់ព្រៃសឹករិចរិល តាមសាលារៀន វត្តអារាម ផ្លូវសាធារណៈ និងទីប្រជុំជននានា ដែលជា ប្រយោជន៍ ស្តារគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាប្រភពទឹកក្រោមដី និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ៕