ខេត្តកំពង់ធំប្រារព្ធពិធីអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

AKP កំពង់ធំ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០–

នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីរម្លឹកខួប ៣ឆ្នាំ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២០)នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់នៅបរិវេណប្រាសាទសំបូរព្រៃគុក ។

ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្តាំតាមផ្លូវភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ឆ្នាំនៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឱ្យខេត្តកំពង់ធំ មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកើនឡើងគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដោយសារពិភពលោកទាំងមូលកំពុង តែរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំង ។

ឯកឧត្តមបន្ថែមទៀតថា ស្របពេលជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌នេះ សូមភូមិ ឃុំ សង្កាត់ ធ្វើឱ្យបានសុក្រឹត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យឱ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិ ឃុំ សង្កាត់ចៀសវាងដាច់ខាតករណីឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា មានប្រសាសន៍លើកឡើងថា ប្រាសាទសំបូរព្រៃគុក សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលជារាជធានីចាស់បុរាណឈ្មោះ ថាឦសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់់ពីប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានការប្រែប្រួល ទាំងហេដ្ឋារចនាសម្ព័ន្ធទាំងការគ្រប់គ្រង ការថែរក្សា ការពារ បានល្អ ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយើងដូចជាមន្ត្រីជំនាញ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ។ ម្យ៉ាងវិញទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ចូលតំបន់នេះ ជាតំបន់អភិរក្សផ្នែកបរិស្ថាន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ចូលរួមការពារថែរក្សា។

ការអភិរក្សពិតជាមានការជួបបញ្ហាលំបាកខ្លះ ចំពោះបងប្អូនដែលធ្លាប់មានការរស់នៅក្នុងតំបន់នេះ ក្នុងនោះឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរ មូលដ្ឋានខិតខំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់អំពីសារៈប្រយោជន៍នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមិនឱ្យបងប្អូនប្រជាពលរដ្ឋនៅរស់នៅក្នុងតំបន់នេះមានការរំលោភបំពាននូវអ្វីដែលច្បាប់បានហាមឃាត់៕ ដោយ៖ស៊ុម វណ្ណា