SEA GAMES 2021 នៅវៀតណាមជាម៉ែត្រវាស់សមត្ថភាពយ៉ាងសំខាន់បំផុតសម្រាប់កីឡាប៉េតង់កម្ពុជាមុនដល់ SEA GAMES ២០២៣នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

ប្រមុខដឹកនាំសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ឆ្នាំ២០២១(SEA GAMES 2021)នៅប្រទេសវៀតណាមនោះ គឺជាម៉ែត្រវាស់សមត្ថភាពយ៉ាងសំខាន់បំផុត សម្រាប់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (SEA GAMES 2023)។
លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណះលោកបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងទិសដៅឆ្នាំ២០២០ ក៏ដូចត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES)លើកទី៣១ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។
លោករដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១(SEA GAMES 2021)នៅប្រទេសវៀតណាមនោះ គឺជាម៉ែត្រវាស់សមត្ថភាពយ៉ាងសំខាន់បំផុតសម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (SEA GAMES 2023) ដោយសារតែការយកចិត្តទុកដាក់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើវិស័យកីឡាទូទាំងប្រទេស បានធ្វើអោយកីឡាប៉េតង់ដែលជាមួយផ្នែកធំ ក្នុងការដណើ្តមមេដាយមាសលើឆាកអន្តរជាតិ ដូចជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) ការប្រកួតកីឡាទ្វីបអាស៊ី(ASIAN GA MES)និងការប្រកួតកីឡាប៉េតង់កម្រិតពិភពលោក។
លោកប្រធានបានបន្តថា លោកបានសម្លឹងឃើញថា សហព័ន្ធមានការរីកចម្រើនខ្លាំងដោយមានការចូលរួមពីសមាជិកប្រតិបត្តិ ទាំងអគ្គលេខាធិការ អនុប្រធានបានចាប់ដៃគ្នាក្នុងការអភិឌ្ឍនកីឡាប្រភេទនេះ ដូចជាការជ្រើសរើសកីឡាករ-កីឡា ការិនីថ្នាល(ឈុតតូច)និង កីឡាករ-កីឡា ការិនីជម្រើសជាតិ(ឈុតធំ)មានកាលានុវត្តភាព និងមានភាពពេញចិត្តពីកីឡាករ-កីឡាការិនីចូលរួមប្រកួតដណ្តើមមេដាយ ៕