មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងស្រុកឲ្យចំគោលដៅ និងឲ្យអស់លទ្ធភាព

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៨ ០៧ ២០២០


MC៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឲ្យមន្រ្តីពាក់ព័ន្ធប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងស្រុកឲ្យចំគោលដៅ និងឲ្យអស់លទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចជាតិ ពិសេសអាចរក្សាលំនឹងសេដ្ឋកិច្ចក្នុងប្រទេស ខណៈដែលកំពុងមានការរីករាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក ក៏ដូចជាកម្ពុជា។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………
ថ្លែងក្នុងសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងត្រូវដឹងថាតើកត្តាអ្វីដែលយើងត្រូវធ្វើ ពិសេសកម្ពុជាយើងត្រូវចេះបត់បែនទៅតាមកាលៈទេសៈឲ្យបានត្រឹមត្រូវ ហើយយើងត្រូវដឹងថាអ្វីដែលសក្តានុពលរបស់ប្រទេសយើង។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលត្រូវបង្កើនផ្នែកធនធានមនុស្ស ទាំងផ្នែកឯកជន និងរដ្ឋ ឲ្យមានគុណភាព ប្រសិទ្ធភាពដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសត្រូវប្រើប្រាស់នូវធនធានដែលខ្លួនមានស្រាប់នៅក្នុងប្រទេស ឲ្យអស់លទ្ធភាព និងចំគោលដៅ។
សំឡេង៖ នេះជាបញ្ហាប្រើប្រាស់ធនធានឲ្យអស់លទ្ធភាព អេសបីអាយ មកយឺតខ្ញុំដឹងអញ្ចឹង ប៉ុន្ដែទន់ក្នុងស្រុកបើយើងចេះប្រើវាឲ្យវិលចំទិសដៅក៏វាមិនអន់ប៉ុន្មានដែរ ធនធានមនុស្សក៏អញ្ចឹងដែរ បើថាប្រើប្រាស់ឲ្យចំទិសដៅ ប៉ុន្ដែត្រូវបង្កើនគុណភាពអប់រំបច្ចេកវិទ្យា បច្ចេកទេស នេះជាកត្តាធំណាស់ធនធាន ធនធានមាន៣ធំណាស់ ធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ធនធានធម្មជាតិ ឬក៏បណ្តុះបណ្តាលបង្កើនគុណភាពប៉ុន្ដែមិនចោលកន្លែងគាត់ទេ………………………………..អ្វីដែលមានហើយជំរុញកែសម្រួល ដែលមានទីផ្សារហើយឬកម្លាំងផលិតហើយ ខ្សែចង្វាក់មានស្រាប់ ប៉ុន្ដែអ្វីដែលថ្មីក៏យើងត្រូវធ្វើដែរ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថា ចំពោះការអភិវឌ្ឍន៍ ឬក៏វិនិយោគទៅលើគម្រោងអ្វីមួយនោះត្រូវមានផែនការឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពជឿកជាក់ ដែលអាចរកភាពចំណេញទាំងខ្លួនឯង និងប្រទេសជាតិ។
ឯកឧត្តមបន្តទៀតថា កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរបើទោះបីជាមានបញ្ហាកូវីដ១៩ ដោយមានកត្តាជាច្រើនចូលរួមដូចជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ គោលនយោបាយចេះបត់បែនគ្រប់ស្ថានការណ៍ ការចូលរួមរបស់ប្រជាពលរដ្ឋ និងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា៕