ខេត្តពោធិ៍សាត់មានអាងស្តុកចំនួនពីរដែលអាចស្តុកទឹកបាន៥០លានម៉ែត្រគូបបំរើដល់វិស័យកសិកម្ម

វិទ្យុជាតិកម្ពុជា៖ ស្រីផល 08,07,2020


MC៖ ខេត្តពោធិ៍សាត់មានអាងស្តុកចំនួនពីរដែលអាចស្តុកទឹកបាន៥០លានម៉ែត្រគូបដើម្បី បំរើដល់វិស័យកសិកម្ម នឹងសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ័បន្ថែម……………………….
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាងស្តុកទឹកក្នុងខេត្តពោធិ៍សាត់ចំនួនពីរនេះ គឺអាងលេខ៣ និងលេខ៥ស្ថិតនៅស្រុកភ្នំក្រវាញ និងស្រុកបាកានដែលជាអាងដែលមានប្រសិទ្ធភាពក្នុងការផ្ទុកទឹកបានគ្រប់គ្រាន់ សំរាប់បំរើដល់វិស័យកសិកម្ម បានយ៉ាងល្អបំផុត។
លោកបានបន្តថា មកដល់ពេលនេះអាងទឹកលេខ៥មានទឹកពេញមួយរយភាគរយវិញហើយ ខណៈអាងលេខ៣ មានទឹកកើនឡើងដល់៤០ភាគរយ បន្ទាប់ពីបញ្ចេញប្រើអស់កាលពីក្នុងរដូវប្រាំង ដើម្បីដោះស្រាយបញ្ហាទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅក្នុងខេត្តពោធិ៍សាត់ និងមួយផ្នែកក្នុងខេត្តបាត់ដំបង។
លោកប្រធានមន្ទីរបន្តទៀតថា នៅទូទាំងខេត្តពោធិ៍សាត់ មិនមានបញ្ហាចោទរឿងខ្វះទឹកបង្កបង្កើនផលនោះទេ គ្រាន់តែនៅកន្លែងខ្លះមិនទាន់មានទឹកហៀរហូរ ច្រើន។ តែសម្រាប់ដំណាំស្រូវនៅតាមតំបន់មានប្រព័ន្ធស្រោចស្រពបានដុះលូតលាស់ល្អណាស់ ដោយគិតមកដល់ពេលនេះ ការងារដាំដុះ ស្រូវ វស្សាអនុវត្ត បាន៨៨ភាគរយហើយ នៃផ្ទៃដីផែនការ១១៥.០០០ហិកតា។
សម្លេង៖ «បើយើងនិយាយទៅថា អាង ៣ និង៥ ហ្នឹង ដូចបេះដូងខេត្តពោធិ៍សាត់ចឹង បេះដូងកសិកម្ម ដែលបានផ្តល់ទឹក គឺល្អមែនទែន វាមានអត្ថប្រយោជន៏យ៉ាងច្រើន មានប្រសិទ្ធភាពខ្ពស់នៅក្នុងនិង ជាពិសេសសម្រាប់ជួយដល់ការងារកសិកម្ម ទៅលើប្រព័ន្ធធារាសាស្ត្រនៅតាមដងស្ទឹងពោធិ៍សាត់ទាំងអស់ ជាពិសេសគឺទំនប់ដំណាក់អំពិល ហើយនិងទំនប់ចារិក អាហ្នឹងគឺមានប្រយោជន៍មែនទែន ហើយគ្រាន់ថាអាងស្តុកទី៣ ទី ៥ ដែលយើងបានប្រើប្រាស់ វាមិនទាន់គ្រប់គ្រាន់ បើសិនជាយើងបានធ្វើទី១និងទី២ទៀត អាហ្នឹងគឺល្អមែនទែន»។
លោកប្រធានមន្ទីរបន្តថា អាងទឹកលេខ១ គ្រោងសាងសង់ដោយក្រសួងរ៉ែនិងថាមពលសម្រាប់វារីអគ្គិសនី ដែល មានសមត្ថភាពស្តុកទឹកពី៦០០ទៅ១.០០០លានម៉ែត្រគូប ។ ចំណែកឯអាងទឹកលេខ២ អាចស្តុកទឹកបាន២០០ទៅ៦០០លានម៉ែត្រគូប ដែលគ្រោងសាងសង់ដោយក្រសួងធនធានទឹក។ នៅក្រោយពេលអាងទឹកទាំងពីរនេះសាងសង់រួច បញ្ហាទឹកសម្រាប់ស្រោចស្រពនៅក្នុងខេត្តពោធិ៍សាត់លែងខ្វះ និងអាចបញ្ជូនទៅស្រោចស្រពដល់ដីស្រែមួយផ្នែក ក្នុងខេត្តដំបងទៀតផង តាមប្រព័ន្ធដំណាក់ឈើក្រម។
លោកបញ្ជាក់ថាក្នុងពេលឆាប់ៗនេះ មន្ទីរគ្រោងនិងស្តារស្ទឹងអូរតាប៉ោងប្រវែង៣០គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹក នៅស្ទឹងព្រៃក្លុង ភូមិកន្រ្តែរ ស្រុកភ្នំក្រវ៉ាញ មួយកន្លែងទៀត ដែលនេះជាការសិក្សាដោយក្រសួងធនធានទឹកតែម្តង ដើម្បីសេចក្តីត្រូវការស្រោចស្រពរបស់ ប្រជាកសិករ៕