អាជ្ញាធរខេត្តស្វាយរៀងពន្លឿនការស្ថាបនាទំនប់សណ្ដទន្លេវៃគោឲ្យបានរួចរាល់ដើម្បីធានាការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ០៨.០៧.២០២០


MC៖ អាជ្ញាធរខេត្តស្វាយរៀងពន្លឿនការស្ថាបនាទំនប់សណ្ដទន្លេវៃគោឲ្យបានរួចរាល់នៅពេលឆាប់ៗនេះ ដើម្បីស្ទាក់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងការស្រោចស្របស្រែចំការ ពិ សេសដើម្បីត្រៀមយកទឹកសម្រាប់ការផលិតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុងស្វាយរៀង។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…………………
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បច្ចុប្បន្ននេះ ខេត្តស្វាយរៀងបាននឹងកំពុងស្តារ និងស្ថាបនាបន្ថែមនូវប្រព័ន្ធធារាសាស្ត្រមួយចំនួន ដោយបច្ចុប្បន្នខេត្តកំពុងស្ថាបនាទំនប់សណ្ដទន្លេវៃគោចំនួន១ខ្សែសម្រេចបានជាង៦០ភាគរយ ដើម្បីទាញយកទឹកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកសង្ឃឹមថា នៅពេលទំនប់នេះស្ថាបនារួច នឹងផ្ដល់ផលប្រយោជន៍ ការពារទឹកជំនន់កុំឱ្យមានការជន់លិចលំនៅឋាន ស្រែចម្ការ និងផលដំណាំរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត អាងនេះនឹងផ្តល់ទឹកសម្រាប់ការផលិតទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុងស្វាយរៀង ជាពិសេសសម្រាប់ការរៀបចំកែលម្អសោភ័ណភាពខេត្ត ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ថែមទៀត ។
សំឡេង៖« ហើយបច្ចុប្បន្ននេះក៍មានការអនុវត្តន៍ដោយក្រសួងធនធានទឹកផងដែល និងគាំទ្រដោយក្រសួងធនធានទឹក បាននឹងកំពុងស្ថាបនាទំនប់សណ្ដទន្លេវៃគោ ០១ខ្សែ ប្រវែង ២.៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលគិតមកដល់ពេលនេះ យើងសម្រេចបានជាង ៦០%» ។
លោកបន្ថែមថា ការស្ថាបនាទំនប់សណ្ដទន្លេវៃគោនេះ គឺដើម្បីបង្កើនបរិមាណ ទឹកទន្លេវៃគោ ពី ៣០លានម៉ែត្រគូបទៅ ៤០លានម៉ែត្រគូប សម្រាប់បម្រើការស្រោចស្រព ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ និងតម្រូវការទឹកសម្រាប់ផលិតទឹកស្អាតដែលត្រូវការពី ៦.០០០ម៉ែត្រគូប ទៅ ៧.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង មានប្រភពទឹកសំខាន់ៗដែលជាសក្តានុពលបម្រើឱ្យការប្រើប្រាស់និងស្រោចស្រព មានចំនួន ៣កន្លែង គឺ ទន្លេកំពង់ត្រាច ស្ថិតនៅស្រុករមាសហែក ទន្លេវៃគោស្ថិតនៅក្រុងស្វាយរៀង និងព្រែកកម្ពុជា-វៀតណាម ក្រៅពីនេះក៏នៅមាន ព្រែក និងអូរ មួយចំនួនទៀត ៕