មន្ទីរទេសចរណ៍ខេត្តរតនៈគិរីគ្រោងប្រែក្លាយបឹងលំកុដឲ្យទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៨.៧.២០២០


MC៖ មន្ទីរទេសចរណ៍ខេត្តរតនៈគិរី គ្រោងប្រែក្លាយបឹងលំកុដឲ្យ ទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញខណៈដែលតំបន់នេះ មានសក្តានុពលធម្មជាតិជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………………..
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បឹងលំកុដនៅក្នុងខេត្តរតនៈគិរីនេះជាតំបន់រមណីយដ្ឋានដែលមានសក្កានុពលធំធេង ព្រោះវា ប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងដែល មានការទាក់ទាញសម្រាប់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ។
លោកបន្តទៀតថា ក្រសួងបរិស្ថានបានផ្តល់ដីសម្បទាទេសចរណ៍ជាច្រើននៅក្នុងបឹងលំកុដនេះ ដើម្បីឲ្យសហគមន៍មួយនេះបានចាប់ដៃគូរអភិវឌ្ឍន៍ជាមួយអង្គការក្រៅរាជរដ្ឋាភិបាលហើយកន្លងមកនេះមន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានទៅបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋានកិច្ច ជូនទៅដល់គណៈកម្មការរមណីយដ្ឋានបឹងលំកុដ ដើម្បីឲ្យទីតំាងនេះកាន់តែមានភាពទាក់ទាញ។
សំឡេង៖«បច្ចុប្បន្នរមណីយដ្ឋានបឹងលំកុដបានរៀបចំជាសហគមន៍ហើយសហគមន៍ស្ថិតនៅក្រោមក្រសួងបរិស្ថាន។អនុក្រឹតរាជរដ្ឋាភិបាលបានបង្កើតតំបន់រមីណយដ្ឋានបឹងលំកុដជារមណីយដ្ឋានព្រៃការពារប្រើប្រាស់ច្រើនយ៉ាង។ចឹងហើយបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។យើងតែងតែចូលរួមក្នុងការងារជំនាញរបស់យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងឲ្យមានជីវភាពធូរធារតាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន»។
សូមបញ្ជាក់ថា បឹងលំកុដជាបឹងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាលតាវល្លិ៍មានទេសភាពបៃតងខ្ចី ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី ។ ផ្ទៃបឹងលំកុដរួមនឹងតំបន់ជុំវិញមានផ្ទៃដីទំហំជាង១១០ហិកតាត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ជាតំបន់ការពារទេសភាពកាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ ហើយអ្នកភូមិមានជំនឿអ្នកតាដែលថែរក្សានៅតំបន់នេះគឺមានឈ្មោះគិរីវង្កុដ៕