រុស្ស៊ីនឹងសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសទៅលើករណី Magnitsky

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបចំពោះការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់ចក្រភពអង់គ្លេសចំពោះករណី Magnitsky ក្នុងកម្រិតដែលសមនឹងផលប្រយោជន៍រុស្ស៊ី។

អ្នកនាំពាក្យរូបនេះបាននិយាយថា «យើងអាចសោកស្តាយចំពោះជំហានមិនរាក់ទាក់បែបនេះ។ ជាការពិត គោលការណ៍បដិភាពនឹងត្រូវបានអនុវត្តក្នុងកម្រិតណាមួយដែលសមនឹងផលប្រយោជន៍របស់សហព័ន្ធរុស្ស៊ី»។

អំពីវិសោធនកម្ម Magnitsky កាលពីថ្ងៃទី៦ ខែកក្កដា រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បានប្រកាសនូវអ្វីដែលគេហៅថា ការធ្វើវិសោធនកម្មច្បាប់ Magnitsky ចំពោះការដាក់ទណ្ឌកម្ម និងច្បាប់ប្រឆាំងការលាងលុយកខ្វក់។ វាត្រូវបានអនុម័តដោយសភានៅខែឧសភា ឆ្នាំ២០១៨ ហើយត្រូវបានគេសន្មត់ថា ចូលជាធរមានភ្លាមៗបន្ទាប់ពីចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប។ ការធ្វើវិសោធនកម្មនេះត្រូវបានដាក់ឈ្មោះតាមមេធាវី លោក Sergei Magnitsky ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០០៩ នៅក្នុងកន្លែងឃុំឃាំង Matrosskaya Tishina ។ ទីក្រុងឡុងដ៍ជឿជាក់ថា ប្រជាជននៅក្នុងបញ្ជីទណ្ឌកម្មត្រូវបានចូលរួមនៅក្នុងការធ្វើទារុណកម្ម និងការស្លាប់របស់គាត់។

បញ្ជីឈ្មោះអ្នកដែលត្រូវបានដាក់ទណ្ឌកម្មរួមមាន ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Alexander Bastrykin អគ្គព្រះរាជអាជ្ញារង លោក Viktor Grin អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Alexei Anichin ។ ឈ្មោះនៅក្នុងបញ្ជីនេះត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងចក្រភពអង់គ្លេសទេ ហើយទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសនេះនឹងត្រូវបង្កក ប្រសិនត្រូវបានរកឃើញ។ ពួកគេនឹងត្រូវហាមឃាត់មិនឱ្យធ្វើជំនួញទាំងនៅអង់គ្លេស និងតាមរយៈការសម្របសម្រួលរបស់ពលរដ្ឋអង់គ្លេស។

ក្រៅពីជនជាតិរុស្ស៊ី បញ្ជីនេះរួមមានពលរដ្ឋ និងទីភ្នាក់ងារមកពីអារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា និងកូរ៉េខាងជើងផងដែរ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)