រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវស្តារការទុកចិត្តគ្នាឡើងវិញដោយជំហានតូចៗ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅស្ថានីយទូរទស្សន៍ Izvestiya ថា ប្រទេសរុស្ស៊ីមិនចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដែលអាចចរចាបាននោះទេ ហើយយើងបានបាត់បង់ការជឿទុកចិត្តទៅលើទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាអ្នកចុះកិច្ចសន្យា ប៉ុន្តែចាំបាច់ត្រូវចាប់ផ្តើមស្តារ វាឡើងវិញដោយជំហានតូចៗ។

អ្នកការទូតជាន់ខ្ពស់រូបនេះបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានជ្រើសរើសយក «មាគ៌ានៃការរុះរើរចនាសម្ព័ន្ធ និងយន្តការផ្សេងៗដែលស្ថិតក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន»។ នៅពេលក្រោយនេះ សហរដ្ឋអាមេរិកបានបញ្ជូនសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាទៅក្នុងមូលដ្ឋាននៃប្រវត្តិសាស្ត្រទៀត។ លោក Ryabkov បាននិយាយថា «នេះ គឺជាការអភិវឌ្ឍ    ដ៏គួរឱ្យសោកស្តាយ»។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះបានកត់សម្គាល់ថា «យើងមិនចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដែលអាចចរចាបានទេ។ យើងបានបាត់បង់ការជឿទុកចិត្តទៅលើទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាអ្នកចុះកិច្ចសន្យា ហើយប្រហែលជាចាំបាច់ត្រូវចាប់ផ្តើមស្តារវាជាបណ្តើរៗឡើងវិញ ហើយកិច្ចការនេះត្រូវធ្វើដោយយុទ្ធ សាស្ត្រនៃជំហានតូចៗ»។

កាលពីនៅថ្ងៃទី៦ ខែកក្កដា ប្រតិភូនៃរដ្ឋសមាជិកនៃសន្ធិសញ្ញា Open Skies បានរៀបចំសន្និសីទ វីដេអូមួយដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការដកខ្លួនរបស់សហរដ្ឋអាមេរិក និងអនាគតនៃសន្ធិសញ្ញានេះ។ លោក Ryabkov បានតំណាងឱ្យប្រទេសរុស្ស៊ីក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)