ប្រទេសវៀតណាមចូលរួមកិច្ចពិភាក្សារបស់ UNSC ស្តីពីមជ្ឈមណ្ឌលការពារការទូតនៃអាស៊ីកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy បានសម្តែងការរំពឹងទុកថា មជ្ឈមណ្ឌលប្រចាំតំបន់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការពារការទូតសម្រាប់អាស៊ីកណ្តាល (UNRCCA) នឹងជួយបន្ថែមទៀតដល់បណ្តារដ្ឋក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

លោក Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសន្និសីទវីដេអូមួយ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់ UNRCCA ។

លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNRCCA និងលោកស្រី Natalia Gherman អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅអាស៊ីកណ្តាល និងជាប្រធានរបស់ UNRCCA ក្នុងការជំរុញកិច្ចការពារការទូតនៅអាស៊ីកណ្តាល និងការរីកចម្រើនជាវិជ្ជមាននៃផ្នែកសន្តិសុខ សង្គម និងសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។

លោកបាននិយាយថា លោកសង្ឃឹមថា UNRCCA នឹងបន្តគាំទ្រដល់ប្រទេសនៅអាស៊ីកណ្តាលចំនួន ៥ ដែលរួមមានប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និង អ៊ូសបេគីស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងព្រំដែនទឹក ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងផ្តល់អំណាចដល់យុវជន និងស្ត្រី។

លោកស្រី Gherman បានសង្ខេបជូនអ្នកចូលរួមទាំអស់នូវសកម្មភាពរបស់ UNRCCA ចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងខែមករាកន្លងមក ដែលផ្តោតសំខាន់ទៅលើការផ្តល់ជំនួយសម្រាប់បណ្តារដ្ឋក្នុងតំបន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ជំរុញកំណើនសង្គមសេដ្ឋកិច្ចក្នុងតំបន់ និងដោះស្រាយបញ្ហាសន្តិសុខមិនមែនធម្មតា ដូចជាភេរវកម្ម និងភាពជ្រុលនិយមជាដើម ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែន និងការបម្រែបម្រួលអាកាសធាតុ។

លោកស្រីបាននិយាយថា មជ្ឈមណ្ឌលក៏បានជួយដល់ប្រទេសទាំង ៥ ក្នុងការគ្រប់គ្រងបញ្ហាព្រំដែនទឹក នឹងបង្កើនការចូលរួមរបស់យុវជន និងស្ត្រីក្នុងកិច្ចការពារការទូតផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)