ការបាត់បង់ការងារនៅវៀតណាមនៅតែបន្ត ខណៈដែលក្រុមហ៊ុននានាកំពុងមានការធ្លាក់ចុះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ — អាជីវកម្មជាច្រើនកំពុងមានគម្រោងកាត់បន្ថយប្រាក់ខែទៅលើនិយោជិតមួយចំនួនរបស់ពួកគេ នៅប៉ុន្មានខែខាងមុខនេះ។

ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមត្រូវបានស្ថិតក្រោមការគ្រប់គ្រងបានក៏ដោយ ក៏ផលប៉ះពាល់រយៈពេលវែងរបស់វានៅតែបន្តកើតមានដដែល។

អាជីវកម្មជាច្រើនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេពី ៦០ ទៅ ៧០ភាគរយ។

សហព័ន្ធការងារវៀតណាមទូទៅ និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MOLISA) កំពុងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនអាជីវកម្ម និងក្រុមនិយោជិតសម្រាប់ផែនការគាំទ្រ។

សហព័ន្ធបានរាយការណ៍ថា សហគ្រាសចំនួន ៥.៦០០ និងសហគ្រាសមិនមែនសាធារណៈចំនួនជាង ១.៣០០ ត្រូវបានរំលាយបញ្ឈប់ការងារ ឬមានផលិតកម្មតូចចង្អៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតជាង ៤៦១.០០០នាក់កាលពីដំណាច់ខែមេសា។

លោក Nguyen Dinh Khang ប្រធានសហព័ន្ធបាននិយាយថា សកម្មភាពរបស់សហព័ន្ធនៅក្នុងខែដំបូងនៃឆ្នាំនេះ បានផ្តោតសំខាន់លើការធ្វើការជាមួយបណ្តាទីភ្នាក់ងារ អង្គការ និងសហគ្រាស ដើម្បីដាក់ពង្រាយដំណោះស្រាយដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះនៅកន្លែងធ្វើការ។

វាបានជួយអាជីវកម្មក្នុងការស្តារផលិតកម្ម និងអាជីវកម្ម ធ្វើឱ្យមានស្ថិរភាពការងារ ធានាប្រាក់ចំណូលសម្រាប់កម្មករនិយោជិតក្នុងអំឡុងពេល និងក្រោយពេលនៃវិធានការគម្លាតសង្គម។

នាយកដ្ឋានការងារនៃក្រសួង MOLISA បាននិយាយថា ប្រសិនបើជំងឺរាតត្បាតនេះត្រូវបានគ្រប់គ្រងបានល្អ គេប៉ាន់ស្មានថា យ៉ាងហោចណាស់កម្មករនិយោជិតពី ៧០.០០០ ទៅ ៨០.០០០នាក់ នឹងបាត់បង់ការងារហើយកម្មករនិយោជិតពី ៣ ទៅ ៣,៥លាននាក់ នឹងត្រូវឈប់ធ្វើការ ហើយប្រមាណពី ៧០ ទៅ ៧៥ភាគរយនៃក្រុមហ៊ុនអាជីវកម្មនឹងរងផលប៉ះពាល់។ ។

ដើម្បីជួយជម្នះនូវការលំបាកនេះសម្រាប់សហគ្រាស និងកម្មករនិយោជិត ក្រសួង MOLISA កំពុងបូកសរុបអនុសាសន៍របស់សហគ្រាស និងកម្មករនិយោជិតអំពីបញ្ហានានា ក្នុងការអនុវត្តកញ្ចប់ថវិកា សង្គ្រោះចំនួន ៦២ទ្រីលានដុង (២,៦៧ប៊ីលានដុល្លារអាម៉េរិក)៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)