ឯកឧត្តម ឃួង ស្រេង បញ្ជារអោយម្ចាស់ដីកាយដីចេញវិញជាបន្ទាន់ដែលរំលោភចូលក្នុងប្រឡាយលូប្រាំ

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ ហុក​ សុខរិន​


MC៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយអាជ្ញាធរ សង្កាត់ ខណ្ឌ ត្រូវ មានវិធានការធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ ដោយចាក់ដីរំលោភប្រឡាយជាច្រើនម៉ែត្រ និង ណែនាំ អោយ កាយដីរំលោភ នេះចេញវិញ បើពុំដូច្នោះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ តាមផ្លូវច្បាប់។
ការណែនាំ របស់ ឯកឧត្តម ឃួង ស្រេងបែបនេះ នៅ ពេល លោក បាន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៏បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានសាងសង់រួចរាល់ ។ ឯកឧត្តមបានអោយដឹងថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។
ឯកឧត្តម ឃួង ស្រេងក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដីសាធារណៈរបស់រដ្ឋនិងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខណៈដែរប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភនៅលើប្រឡាយជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មសិទ្ធិផងដែរនោះ។ហើយការងារបន្ទាប់រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតឲ្យមានក្រុមការងារមួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។
អាជ្ញាធរមូលដ្ឋានបានអោយដឹងថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋចំនួន១១១គ្រួសាររំលោភយក ក្នុងនោះ នៅភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារនិងភូមិឬស្សី ២ចំនួន៧៦គ្រួសារ ។ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើតួប្រឡាយតែម្ដង។
ស្ថានីយបូមទឹកលូ៥នេះ មានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង
ចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។ស្ថានីយ៍នេះ ក៏ជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស៊្សី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។ ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់ បូមទឹក៤គ្រឿង ក្នុងនោះ បំពង់ មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុបក្នុងមួយវិនាទីនិងស្មើនិង២៨៨០០ម៉ែត្រគុបក្នុង១ម៉ោង ។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ៕