ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន៖ ផ្ទៃដីជិត ៤ ម៉ឺនហិចតា ត្រូវបានកសិករដាំដុះដំឡូងមី

ខេត្តប៉ៃលិន៖ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីជិត៤ម៉ឺនហិចតា ត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដាំដុះដំឡូងមី នាដើមរដូវវស្សានេះ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីប្រមាណ ៥ ម៉ឺន ៦ ពាន់ហិចតា ជាផ្ទៃដីដាំដុះក្នុងខេត្ត ដែលមានដំណាំរួមផ្សំជាច្រើនមុខ ក្នុងនោះដំណាំដំឡូងមី កសិករបានដាំដុះរួចរាល់ហើយ ដោយប្រើប្រាស់ផ្ទៃដីប្រមាណជិត ៤ ម៉ឺនហិចតា ដែលស្មើនិង ៩០% នៃផ្ទៃដីរួម។លោកបានឱ្យដឹងទៀតថា នៅរដូវដាំដុះដើមរដូវវស្សាឆ្នាំនេះ អាកាសធាតុពិតជាអំណោយផល ដល់ដំណាំកសិកម្ម ក្នុងនោះមានដូចជា ដំណាំមៀនប៉ៃលិន (តាង៉ែន) ពោតក្រហម ដំឡូងមី និងដំណាំរួមផ្សំដទៃទៀត ដែលធ្វើឲ្យកសិករក្នុងខេត្តប៉ៃលិន សប្បាយរីករាយយ៉ាងខ្លាំង ខណៈដំណាំរបស់ពួកគាត់ លូតលាស់បានល្អ នាំឱ្យពួកគាត់មានសង្ឃឹមថា ពេលប្រមូលផល នឹងទទួលបានទិន្នផលខ្ពស់ ។លោកបានបញ្ជាក់បន្ថែមទៀតថា តំលៃដំឡូងមីនៅទីផ្សារឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន ដោយនៅក្នុងនោះ តម្លៃទីផ្សារដំឡូងមី សម្រាប់ដំឡូងមីស្រស់ ឈ្មួញឱ្យតម្លៃ ១គីឡូក្រាម រហូតដល់ ២.១ បាត (ប្រាក់ថៃ) ឬស្មើនឹងជាង ២៨០រៀល។ ចំណែកដំឡូងមីស្ងួត តម្លៃពី ៧០០រៀល ទៅ ៧៣៣រៀល ក្នុងមួយគីឡូក្រាម៕