កិច្ចប្រជុំ ADSOM+ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៧ ខែកក្កដា ក្រសួងការពារជាតិវៀតណាមបានរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) តាមរយៈសន្និសីទវីដេអូ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែងរវាងប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណីផ្សេងៗទៀត។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍Ngo Xuan Lich អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុម ADSOM+ វៀតណាម នាយឧត្តមសេនីយ៍ Nguyen Chi Vinh ព្រមទាំងប្រធាន ADSOM+ នៃប្រទេសសមាជិកអាស៊ានដទៃទៀត និងអ្នកតំណាងមកពីប្រទេសជាដៃគូ រួមមានរុស្ស៊ី ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូហ្សេឡែន និងឥណ្ឌា។

អ្នកចូលរួមទាំងអស់បានចែករំលែកអំពីបទពិសោធន៍របស់កងទ័ពនៃប្រទេសនីមួយៗ ក្នុងការឆ្លើយតបទៅនឹងជំងឺនេះ នឹងបានពិភាក្សាអំពីសកម្មភាពដែលកំពុងត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងការរៀបចំសម្រាប់កិច្ចប្រជុំ ADSOM និងកិច្ចប្រជុំ ADSOM+ ដែលបានគ្រោងធ្វើនៅខែសីហា ខាងមុខនេះនៅក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំ ADMM និង ADMM+ គ្រោងធ្វើនៅចុងឆ្នាំ ២០២០។

នៅក្នុងសុន្ទរកថារបស់លោក Lich បាននិយាយថា វត្តមានរបស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏រឹងមាំរបស់ខ្លួនចំពោះប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក៏ដូចជាយន្តការនានា ដែលអាស៊ានកំពុងដើរតួនាទីយ៉ាងសំខាន់។

លោកបាននិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ បានក្លាយជាបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណីដ៏ធំមួយ ដែលជះឥទ្ធិពលអវិជ្ជមានដល់គ្រប់ផ្នែកទាំងអស់នៃសង្គម នៅជុំវិញពិភពលោកដោយលោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីលើកកម្ពស់តួនាទី របស់ស្ថាប័នសហប្រតិបត្តិការពហុភាគី និងយន្តការនានាក្នុងការដោះស្រាយបញ្ហានេះ។

ទាក់ទងនឹងចែករំលែកផលលំបាកដែលប្រទេសជាសមាជិកអាស៊ានប្រឈមមុខនឹងការរីករាលដាលនៃជំងឺនេះ លោក Lich បានបង្ហាញជំនឿថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេ រដ្ឋសមាជិកនៃប្លុកនេះនឹងរួមគ្នាជម្នះនូវគ្រាដ៏លំបាកនេះ ហើយនឹងធ្វើឱ្យជីវិតរស់នៅត្រឡប់ទៅរកសភាពដូចដើមឡើងវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)