អាជ្ញាធរខេត្តបាត់ដំបងចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក គោក្របីជូនប្រជាកសិករនៅរដូវវស្សានេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៨ ០៧ ២០២០


MC៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោក្របី ជូនប្រជាពកសិករនៅរដូវវស្សានេះ ដើម្បីកុំអោយសត្វពាហនៈ ឈឺឬងាប់ ដែលនាំឲ្យខាត់បង់នូវចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
អ្នកយកព័ត៏មានយើងរាយការណ៏បន្ថែម៖……
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភ្នាក់ងារពេទ្យសត្វភូមិបានចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗ លើជំងឺអុតក្តាម សារទឹក គោ ក្របី ដើម្បីទប់ស្កាត់ការឆ្លងរីករាដាលជំងឺនានាដល់សត្វគោ ក្របីរបស់ប្រជាកសិករ។
លោកបានបន្តថា ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោក្របីត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារពេទ្យសត្វតាមភូមិហើយ រាល់ការចាក់វ៉ាក់សំាងនេះពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ ។
លោកបន្ថែមថា ទោះបីវ៉ាក់សាំងនៅមានកម្រិត តែមន្ទីរ នឹងបន្តយុទ្ឋនាការណ៍ចាក់ថ្នាំវ៉ាក់សាំងនេះជាបន្តទៀត ដើម្បីធ្វើយ៉ាងណាប្រើប្រាស់វ៉ាងសាំងដែលមានឲ្យអស់ពីលទ្ធភាព ។
សំឡេង « យើងបានទទួលវ៉ាក់សាំងពីអគ្គនាយដ្ឋានតាំងពីមុនភ្លៀងធ្លាក់មកម្លេះ សម្រាប់ឆមាសទីមួយយើងចាក់រួចរាល់ហើយ ហើយនៅស្រុកមួយចំនួន បន្តចាក់នៅស្រុកដែលជាប់ព្រំដែនឆ្ងាយៗ នៅបន្តចាក់ជាបន្តបន្ទាប់ទៀត ហើយស្រុកមួយចំនួនបានចាក់រួចរាល់ហើយ ។ ហើយវ៉ាក់សាំងដែលយើងទទួលបានពីអគ្គនាយកដ្ឋាន មួយលើកៗប្រហែលជាខ្ទុង ៦ម៉ឺនដូស មួយឆមាសៗនិង។ហើយប៉ុន្តែជាក់ស្តែង យើងនៅមានការខ្វះខាត ដោយសត្វនៅក្នុងខេត្តបាត់ដំបងយើងនេះ មានរហូតដល់ជិត២០ម៉ឺនក្បាល អញ្ចឹងវ៉ាក់សាំងវាមានកម្រិត ប៉ុន្តែទទួលបានមកយើងប្រើប្រាស់ឲ្យអស់លទ្ធភាព មិនដែលទុកចោលរឺអត់ទៅចាក់នោះទេ » ។
យោងតាមស្ថិតិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ប្រចាំឆមាសទី១ ឆ្នាំ២០២០ ឲ្យដឹងថា ក្រុង ស្រុកចំនួន១៤ ទូរទាំងខេត្តកំពង់បាត់ដំបងមាន សត្វគោ ក្របី សរុប ចំនួន ១៨១.៨៤១ក្បាល ក្នុងនោះគោមានចំនួន១៧៩.៥៤៥ក្បាល និងក្របីមានចំនួន២.២៩៦ក្បាល ៕